ព័ត៌មានជាតិ

ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងជាង ៤០លានដុល្លារ សម្រាប់បោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅស្វាយរៀង

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ៤១លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងបោសសម្អាតមីន និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ កុម្ភៈនេះ បានឲ្យដឹងថា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពី ការផ្ដល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន២ ។

គម្រោងទាំង២មានដូចខាងក្រោម៖ ១. ការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីន ដំណាក់កាលទី២ មានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន (ប្រមាណ១៧ លានដុល្លារ) ។ ២. ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន ២.៧៨៦លានយ៉េន (ប្រមាណ ២៤ លានដុល្លារ) ។

ហិរញ្ញប្បទានឥតសំណង ផ្ដល់ដោយជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការល្អមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

To Top