ម៉ូស្គូ៖ រាល់កង្វល់ផ្នែកសន្តិសុខ របស់ទីក្រុងមូស្គូ ត្រូវតែយកមកពិចារណា សម្រាប់ដំណោះស្រាយ ក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើង របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។
លោក ពូទីន បានរំលឹកឡើងវិញថា ដំណោះស្រាយមួយនឹងអាចធ្វើទៅបាន លុះត្រាតែការព្រួយបារម្ភផ្នែក សន្តិសុខរបស់រុស្ស៊ីត្រូវបាន យកមកពិចារណា រួមទាំង “អធិបតេយ្យភាពរបស់រុស្ស៊ី លើតំបន់គ្រីមៀ” ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការដោះស្រាយភារកិច្ច នៃការគ្មានយោធា និងការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែន និងបញ្ហានៃស្ថានភាព អព្យាក្រឹតរបស់អ៊ុយក្រែន។
លោក ពូទីន បានលើកឡើងថា រុស្ស៊ីបើកចំហចំពោះការចរចា ជាមួយអ៊ុយក្រែន ហើយបានសម្តែងក្តីសង្ឃឹមថា ពួកគេនឹងនាំទៅរកលទ្ធផល ដែលភាគីទាំងអស់ចង់បាន។
វិមានក្រឹមឡាំងបានឲ្យដឹងថា “ភាគីបារាំង បានបង្ហាញពីទស្សនៈ ដ៏ល្បីរបស់ខ្លួនលើ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងបានបង្ហាញពីក្តីសង្ឃឹម សម្រាប់ការដោះស្រាយជម្លោះ យ៉ាងឆាប់រហ័សតាមរយៈការសន្ទនា”។
លោក ពូទីន បានបន្ដថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី មិនវាយប្រហារទៅលើវត្ថុស៊ីវិលនោះទេ ហើយក៏មិនបង្កការគំរាមកំហែង ដល់ជនស៊ីវិលដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកពូទីន បានបន្ថែមថា “អ្នកជាតិនិយមអ៊ុយក្រែន ដែលបានប្រើប្រាស់ប្រជាជនស៊ីវិល របស់ពួកគេជាខែលការពារមនុស្ស” គឺជាការគំរាមកំហែងមួយ នៅក្នុងនោះដែរលោក ម៉ាក្រុង បានស្នើឱ្យរុស្ស៊ីគោរពច្បាប់អន្តរជាតិ និងការពារប្រជាជនស៊ីវិល នៅក្នុងជម្លោះនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា