ប៉េកាំង៖ បេសកជនចិន បានព្រមានប្រឆាំងនឹងការ ធ្វើនយោបាយលើជំនួយមនុស្សធម៌ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលសង្គ្រាមកំពុងតែផ្ទុះឡើង ជាមួយប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បេសកជនចិនបានលើកឡើងថា អ្វីដែលកំពុងលាតត្រដាង នៅក្នុងប្រទេសអ៊ុយក្រែន គឺពិតជាគួរឲ្យសោកស្ដាយ។ ប្រទេសចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តការអត់ធ្មត់ កាត់បន្ថយស្ថានការណ៍ និងជៀសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា សុវត្ថិភាពនៃជីវិត និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលទាំងអស់ រួមទាំងជនបរទេស និងតម្រូវការមនុស្សធម៌របស់ពួកគេ គួរតែត្រូវបានធានាប្រកបដោយប្រសិទ្ធភាព។
លោកបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ឲ្យដឹងថា វាមានសារៈសំខាន់បំផុត ក្នុងការទប់ស្កាត់វិបត្តិមនុស្សធម៌ ទ្រង់ទ្រាយធំ។
លោកបានបន្ដថា ប្រទេសចិន ស្វាគមន៍ការកត់សម្គាល់ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ដែលថា អង្គការសហប្រជាជាតិ នឹងដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួលជំនួយមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែន។
លោកបន្ថែមថា “តាមទស្សនៈរបស់យើង អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិគួរតែ ផ្តល់ជំនួយមនុស្សធម៌ ស្របតាមគោលការណ៍មនុស្សធម៌ អព្យាក្រឹតភាព និងភាពមិនលំអៀង ដូចមានចែងក្នុងសេចក្តីសម្រេច របស់មហាសន្និបាតលេខ ៤៦/១៨២ និងជៀសវាងការធ្វើនយោបាយ”។
លោក Zhang បានបន្ថែមទៀតថា អ្វីដែលនៅតែសំខាន់បំផុតនៅពេលនោះ គឺត្រូវត្រលប់ទៅរកការចរចារការទូត និងដំណោះស្រាយនយោបាយឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីជំរុញការបន្ថយស្ថានការណ៍ ៕
ប្រែសម្រួល ឈូក បូរ៉ា