ព័ត៌មានអន្តរជាតិ

Updated​​ ៖ សហរដ្ឋអាមេរិក បណ្តេញជនជាតិ រុស្ស៊ីម្នាក់ បម្រើការនៅ UN

អ.ស.ប ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក កំពុងបណ្តេញជនជាតិរុស្សីម្នាក់ ដែលកំពុងធ្វើការជាមួយលេខាធិការដ្ឋាន អង្គការសហប្រជាជាតិ ។

លោក Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា “ខ្ញុំអាចបញ្ជាក់បានថា បេសកកម្មសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានជូនដំណឹងដល់លេខាធិការដ្ឋាន នៅថ្ងៃទី២៨ ខែកុម្ភៈ ក្នុងការសម្រេចចិត្តរបស់ខ្លួន ដើម្បីចាត់វិធានការ នៅក្រោមផ្នែកទី១៣b នៃកិច្ចព្រមព្រៀងទីស្នាក់ការកណ្តាលរបស់អង្គការ សហប្រជាជាតិ និងសហរដ្ឋអាមេរិក ទាក់ទងនឹងសមាជិក បុគ្គលិកនៅក្នុងលេខាធិការដ្ឋាន” ។

គាត់បានលើកឡើងថា “យើងសោកស្តាយ ដែលយើងឃើញខ្លួនយើងនៅក្នុងស្ថានភាពនេះ ប៉ុន្តែកំពុងចូលរួមជាមួយប្រទេស ម្ចាស់ផ្ទះស្របតាមផ្នែកទី១៣b នៃកិច្ចព្រមព្រៀង” ។

អ្នកនាំពាក្យខាងលើ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត “ដោយយោងទៅលើឯកជនភាព របស់បុគ្គលដែលពាក់ព័ន្ធ និងភាពរសើប នៃបញ្ហានេះ” ។

គាត់បានលើកឡើងថា ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក គឺ ចម្លែកដោយសារតែកិច្ចសន្យា ការងារសម្រាប់បុគ្គលិកដែលពាក់ព័ន្ធ ត្រូវបានគ្រោងនឹង បញ្ចប់នៅថ្ងៃទី១៤ ខែមីនា ។

គួររំលឹកថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រកាសបណ្តេញ បុគ្គលិកចំនួន១២នាក់ នៃបេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បេសកកម្មអចិន្ត្រៃយ៍ របស់សហរដ្ឋអាមេរិកប្រចាំអង្គការ សហប្រជាជាតិបានពណ៌នាអ្នកការទូតរុស្ស៊ីទាំង១២នាក់ថា ជា “ប្រតិបត្តិការស៊ើបការណ៍សម្ងាត់” ដែលបានរំលោភលើសិទ្ធិស្នាក់នៅ ក្នុងសហរដ្ឋអាមេរិក “ដោយចូលរួមក្នុងសកម្មភាពចារកម្ម” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top