ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចាប់តាំងពី២០១៧-២០២១ កម្ពុជាបាននាំអង្ករចេញ ទៅកាន់រុស្សីបានចំនួន ១៧ ៥១២តោន ។
យោងតាមបណ្ដាញសង្គមហ្វេសប៊ុក សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃ៣ មីនា បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២ ២២៣តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ដុល្លារ និងសម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញ ទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ ២០០តោនដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០ ដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា គូសបញ្ជាក់បន្ថែមថា ដោយឡែកការនាំអង្ករចេញ ទៅកាន់ប្រទេសអ៊ុយក្រែន វិញបានបរិមាណតិចតួចបំផុតគឺត្រឹមតែ ៥៧២តោនប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំនេះ ៕