គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា សុវត្ថិភាពនៃរោងចក្រ ថាមពលនុយក្លេអែរ Zaporzhzhia ឥឡូវនេះត្រូវបានធានាសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ នៅពេលដែលស្ថានីយ៍នេះ ត្រូវបានវាយប្រហារ ដោយទាហានរុស្ស៊ី។
លោក Oleksandr Starukh ប្រធានរដ្ឋបាលយោធា នៃតំបន់នៅរោងចក្រ Zaporizhzhia បានលើកឡើងថា “នាយករោងចក្របានឲ្យដឹងថា សុវត្ថិភាពនុយក្លេអ៊ែរឥឡូវនេះ ត្រូវបានធានា។ យោងតាមអ្នកទទួលខុសត្រូវរោងចក្រនេះ អគារបណ្តុះបណ្តាល និងមន្ទីរពិសោធន៍មួយ ត្រូវបានប៉ះពាល់ដោយអគ្គីភ័យ”។
សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន បានឲ្យដឹងនៅលើបណ្ដាញសង្គម Facebook ថាពួកគេបានចូលប្រើប្រាស់រោងចក្រនេះ ក្រោយអង្គភាពសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បានទៅពន្លត់ភ្លើង នៅក្នុងអគារបណ្តុះបណ្តាលទាន់ពេលវេលា”។
ប្រភពបានបន្ថែមថាមនុស្ស ៤០នាក់ និងរថយន្ត ១០គ្រឿងបានចូលរួម នៅក្នុងប្រតិបត្តិការនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់ទីក្រុងមូស្គូ ពីការប្រើ “ភេរវកម្មនុយក្លេអ៊ែរ” និងចង់ “ធ្វើម្តងទៀតនៅក្នុងគ្រោះមហន្តរាយ Chernobyl បន្ទាប់ពីលោកបានលើកឡើងថា ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី បានបាញ់ប្រហារលើរោងចក្រ ថាមពលនុយក្លេអ៊ែរ។
លោកបានឲ្យដឹងនៅក្នុងសារវីដេអូថា “គ្មានប្រទេសណាក្រៅពីរុស្ស៊ី ដែលមិនធ្លាប់បាញ់លើអង្គភាព ថាមពលនុយក្លេអ៊ែរនោះទេ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់យើង។ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ រដ្ឋភេរវករឥឡូវនេះ បានងាកទៅរកភេរវកម្មនុយក្លេអ៊ែរ”៕ ប្រែសម្រួល ឈូក បូរ៉ា