ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ ជាមួយអធិការបតី អាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បើកចំហរក្នុងការសន្ទនាជាមួយអ៊ុយក្រែន។
វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំរុស្ស៊ីបានឲ្យដឹងថា ទីក្រុងមូស្គូមានបំណងចង់បន្ត ការសន្ទនាជាមួយអ៊ុយក្រែន និងចង់បានសន្តិភាព ប្រសិនបើការទាមទារសន្តិសុខទាំងអស់របស់រុស្ស៊ីត្រូវបានបំពេញ។
លោកពូទីន សង្ឃឹមថាទីក្រុងគៀវ នឹងប្រកាន់យក “ជំហរសមហេតុផល និងស្ថាបនា” ក្នុងអំឡុងកិច្ចចរចាជុំទី៣ រវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
វិមានក្រឹមឡាំងបានបន្ថែមថា លោក Scholz បានសម្តែងការព្រួយបារម្ភចំពោះ “ការប្រយុទ្ធគ្នាយ៉ាងសកម្ម និងរបាយការណ៍នៃការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការខាតបង់ខាងយោធាទាំងសងខាង” ។
ការសន្ទនាតាមទូរស័ព្ទរវាង Scholz និងលោក ពូទីន មានរយៈពេលប្រហែលមួយម៉ោង ក្នុងអំឡុងពេលដែលពួកគេ បានផ្លាស់ប្តូរទស្សនៈ ស្តីពីស្ថានភាពនៅអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយ នៅលើគេហទំព័រផ្លូវការ របស់រដ្ឋាភិបាលអាល្លឺម៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា