ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានប្រកាសថា ជា “របបស្ងប់ស្ងាត់” និងធ្វើការបើកច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសខ្លួនរបស់ជនស៊ីវិលដោយសុវត្ថិភាព នៅក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមពីម៉ោង១០ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៧និង០០នាទីម៉ោងសកល នៅថ្ងៃអង្គារ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov ថា “ច្រករបៀងមនុស្សធម៌ពីក្រុង Kiev, Chernihiv, Sumy, Kharkov និង Mariupol កំពុងត្រូវបានបើក”។
ទីភ្នាក់ងារសារព័ត៌មាន UNIAN របស់អ៊ុយក្រែនបានរាយការណ៍ ថា នៅថ្ងៃដដែលនោះ អ៊ុយក្រែនបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុង Sumy ដែលស្ថិតនៅភាគឦសាន តាមរយៈច្រករបៀងមនុស្សធម៌ ដូចដែលបានព្រមព្រៀងជាមួយរុស្ស៊ី ។
ក្នុងអំឡុងពេលនៃកិច្ចចរចាសន្តិភាពជុំទី៣រវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃចន្ទ ភាគីទាំង២បានដោះស្រាយបញ្ហានៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែនបានធានាចំពោះរុស្ស៊ី ថាច្រករបៀងមនុស្សធម៌នឹងចាប់ផ្តើមដំណើរការ ៕