ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុងវ៉ាស៊ីនតោន ត្រូវតែពន្យល់ ដល់សហគមន៍អន្តរជាតិ អំពីគោលបំណង នៃមន្ទីរពិសោធន៍ជីវសាស្ត្រ ដែលផ្តល់មូលនិធិ ដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន ។
អ្នកស្រី Maria Zakharova អ្នកនាំពាក្យរបស់ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា “យើងចាំថា ប៉ុន្មានឆ្នាំហើយជាមួយនឹង លទ្ធផលដ៏បង្ហូរឈាម ដែលសហរដ្ឋអាមេរិក បានស្វែងរកប្រភេទផ្សេងៗ នៃអាវុធគីមី ជីវសាស្រ្ត បាក់តេរី និងផ្សេងៗទៀតនៅទូទាំងពិភពលោក ពិតជាមាននៅលើផែនដី និងសម្លាប់មនុស្សមែន” ។
អ្នកស្រីបានលើកឡើងថា ថ្មីៗនេះ ក្រុងកៀវ បានចាប់ផ្តើមលុបបំបាត់ដាន នៃកម្មវិធីជីវសាស្ត្រទាំងនេះ ។
អ្នកស្រីបានបញ្ជាក់ថា “យើងបានទទួលឯកសារ ពីនិយោជិតអ៊ុយក្រែន នៅមន្ទីរពិសោធន៍ជីវសាស្រ្ត ស្តីពីការបំផ្លាញជាបន្ទាន់ នូវភ្នាក់ងារបង្ករោគដ៏គ្រោះថ្នាក់ ជាពិសេស ប៉េស្ត អង់ត្រាក់ ជំងឺអាសន្នរោគ និងជំងឺដ៏កាចសាហាវផ្សេងទៀត នៅថ្ងៃទី២៤ ខែកុម្ភៈ” ។
គួររំលឹកថា កាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា បញ្ហានេះមានសារៈសំខាន់ខ្លាំងណាស់ ហើយពិភពលោកទាំងមូល ចង់ដឹងពីគោលបំណង នៃមន្ទីរពិសោធន៍ទាំងនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា