ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និង សមភាគីអ៊ុយក្រែន លោក Dmytro Kuleba បានព្រមព្រៀងគ្នា លើការបន្តការចរចាលើជម្លោះនេះ ប៉ុន្តែបានបរាជ័យ ក្នុងការប្រកាសបទឈប់បាញ់ ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ពួកគេនៅក្នុង ប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ ។
កិច្ចប្រជុំត្រីភាគី ដែលបានធ្វើឡើង នៅក្រៅវេទិកាការទូត Antalya ក្នុងវត្តមានរបស់រដ្ឋមន្ត្រី ការបរទេស តួកគី Mevlut Cavusoglu គឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ចាប់តាំងពីប្រតិបត្តិការ យោធាពិសេស របស់រុស្ស៊ី នៅអ៊ុយក្រែន បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបនោះ លោក Kuleba បានលើកឡើងថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយលោក Lavrov ម្តងទៀតក្នុងទម្រង់ដូចគ្នា ជាមួយតួកគីជាអ្នកសម្រុះសម្រួល ចំណែកលោក Lavrov បានឲ្យដឹងផងដែរថា រុស្ស៊ីចង់បន្តការចរចាជាមួយអ៊ុយក្រែន ក្នុងទម្រង់បច្ចុប្បន្ននៅ ក្នុងប្រទេសបេឡារុស្សី ។
លោក Lavrov បានប្រាប់អ្នកយកព័ត៌មានថា “យើងបានមកទីនេះមិនមែន ដើម្បីជំនួសការចរចាដែលធ្វើឡើងនៅក្នុងប្រទេសបេឡារុស្សនោះទេ។ យើងនឹងមិនបង្កើតផ្លូវស្របគ្នានោះទេ ប្រសិនបើមានតម្លៃបន្ថែម យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីវាក្នុងទម្រង់ផ្សេងៗគ្នា”។
លោក Lavrov បានបន្ដថា “មនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន មិនដែលបដិសេធការទំនាក់ទំនងនោះទេ។ យើងគ្រាន់តែចង់ ឱ្យទំនាក់ទំនងទាំងនេះ ត្រូវបានរៀបចំឡើង មិនមែនដើម្បីផលប្រយោជន៍របស់ពួកគេទេ ប៉ុន្តែដើម្បីជួសជុល កិច្ចព្រមព្រៀង ជាក់លាក់មួយចំនួន” ៕