បរទេស ៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា នៅព្រឹកថ្ងៃសុក្រ ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារ លើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធា នៅភាគខាងលិច អ៊ុយក្រែន ដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា យោធារុស្ស៊ី បានអះអាងថា ការវាយប្រហារ បានបំផ្លាញ អាកាសយានដ្ឋានក្បែរទីក្រុង Lutsk និង Ivano-Frankivsk ។ ការវាយប្រហារនេះត្រូវបានបញ្ជាក់ ដោយអាជ្ញាធរក្នុងតំបន់ នៅក្នុងទីក្រុងទាំងពីរ ដែលមានទីតាំងនៅភាគនិរតី និងភាគពាយព្យ នៃប្រទេសអ៊ុយក្រែនរៀងៗខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ី លោកឧត្តមសេនីយ៍ Igor Konashenkov បាននិយាយថា ក្នុងរយៈពេល 24 ម៉ោង យន្តហោះចម្បាំងរុស្ស៊ី បានបំផ្លាញទីតាំងយោធាចំនួន 107 របស់កងកម្លាំងប្រដាប់ អាវុធអ៊ុយក្រែន ។ នេះបានបង្កើនចំនួនសរុប នៃគោលដៅហេដ្ឋារចនាសម្ព័ន្ធយោធា ដែលត្រូវបានរាយការណ៍ ដោយប្រទេសរុស្ស៊ី ថាត្រូវបានបំផ្លាញក្នុងអំឡុង ពេលយុទ្ធនាការដល់ 3 213 ៕
ប្រែសម្រួលៈ ណៃ តុលា