ព័ត៌មានអន្តរជាតិ

មន្ត្រី ជាន់ខ្ពស់ចិន ពន្យល់លម្អិត អំពីជំហរ របស់ចិន ចំពោះ ស្ថានភាពអ៊ុយក្រែន

ប៉េកាំង៖ លោក Yang Jiechi សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ប្រទេសចិន លើស្ថានភាពនៅអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំរបស់លោកជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Jake Sullivan នៅទីក្រុងរ៉ូម។

លោក Yang ដែលជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិម CPC បានលើកឡើងថា ភាគីចិន មិនចង់ឃើញស្ថានភាពនៅអ៊ុយក្រែន ឈានដល់ចំណុចនេះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា ប្រទេសចិន តែងតែប្រកាន់ជំហរគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ ហើយគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយលោកបានបន្ថែមថា ប្រទេសចិន ប្តេជ្ញាជំរុញកិច្ចចរចាសន្តិភាព។

លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាគាំទ្រដល់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដើម្បីឱ្យលទ្ធផលសំខាន់ៗអាចសម្រេចបានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងជួយបន្ធូរបន្ថយស្ថានការណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Yang បានបន្ដថា ភាគីទាំងអស់គួរតែអនុវត្តការអត់ធ្មត់ជាអតិបរមា ការពារជនស៊ីវិល និងទប់ស្កាត់វិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ ដោយលោកបានបន្ថែមថា ប្រទេសចិនបានផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់អ៊ុយក្រែន ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនរហូតដល់ទីបញ្ចប់នេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top