ព័ត៌មានជាតិ

វៀតណាម សម្រេចឲ្យជនបរទេស រួមទាំងកម្ពុជា អាចធ្វើដំណើរចូលប្រទេសខ្លួន ធម្មតាឡើងវិញ តែត្រូវគោរពលក្ខខណ្ឌ ៥ចំណុច

ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម បានសម្រេចឲ្យជនជាតិបរទេស នៃប្រទេសនានា រួមទាំងប្រទេសកម្ពុជាផងដែរ អាចធ្វើដំណើរចូលប្រទេសវៀតណាម ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២តទៅ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌសំខាន់ៗចំនួន ៥ចំណុច ។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ កាលីថ្ងៃទី១៧ មីនា បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលវៀតណាម បានសម្រេចដាក់ ឲ្យអនុវត្តឡើងវិញ នូវការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទ និងការអនុវត្តការលើកលែង ទិដ្ឋាការស្របតាមច្បាប់ សន្ធិសញ្ញា និងគោលការណ៍ បដិការកន្លងមក សម្រាប់ជនជាតិបរទេស នៃប្រទេសនានា រួមទាំងប្រទេសកម្ពុជាផងដែរ ឲ្យធ្វើដំណើរចូលប្រទេសវៀតណាម ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ (អនុវត្តដូចស្ថានភាព នៅមុនពេលកើតមានកូវីដ-១៩)» ។

បន្ថែមពីលើនេះ អ្នកដំណើរបរទេសចូលវៀតណាម តម្រូវឲ្យបំពេញលក្ខខណ្ឌ សុខាភិបាល មួយចំនួនខាងក្រោម ៖ ១.អ្នកធ្វើដំណើរចូលតាមផ្លូវ អាកាសត្រូវមានលទ្ធផលតេស្ត PCR អវិជ្ជមាន និងមានសុពលភាព៧២ម៉ោង មុនចេញដំណើរ (លើកលែងកុមារអាយុក្រោម ២ឆ្នាំ) ឬលទ្ធផលតេស្តរហ័សអវិជ្ជមាន និងមានសុពលភាពត្រឹមតែ២៤ម៉ោង ដោយមានការបញ្ជាក់ត្រឹមត្រូវ ពីអាជ្ញាធរមាន សមត្ថកិច្ចរបស់ប្រទេសសាមី។

២. អ្នកដំណើរចូលតាមផ្លូវផ្សេងទៀត ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ត្រូវមានលទ្ធផលតេស្តដូចចំណុចទី១ ខាងលើដែរ។ ដោយឡែក អ្នកធ្វើដំណើរដែលពុំមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវធ្វើតេស្ត PCR ឬ តេស្តរហ័សនៅហ្នឹងកន្លែង ហើយប្រសិនលទ្ធផលតេស្តអវិជ្ជមាន អ្នកដំណើរ នឹងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងប្រទេសវៀតណាម ទៅកាន់ទីកន្លែងស្នាក់នៅរបស់ខ្លួន និងចេញក្រៅផ្ទះបាន ដោយអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ពាក់ម៉ាស់ រក្សាគម្លាត លាងដៃនឹងសាប៊ូ ឬ ជែលលាងដៃសម្លាប់មេរោគឲ្យបានញឹកញាប់ជាដើម)។ ប៉ុន្តែក្នុងករណីលទ្ធផលតេស្តវិជ្ជមាន ត្រូវរាយការណ៍ជូនមន្ទីរសុខាភិបាលខេត្ត/ក្រុង ដើម្បីមានវិធានការ។

៣.កុមាអាយុក្រោម ២ឆ្នាំ មិនតម្រូវឲ្យធ្វើតេស្តជំងឺកូវីដ-១៩ នោះទេ, មិនទាន់ចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ និងមិនធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរជាមួយ ឪពុកម្ដាយ និងសាច់ញាតិរបស់ខ្លួន។

៤.អ្នកដំណើរត្រូវប្រកាសសុខភាពមុនពេលចូល និងប្រើប្រាស់ទម្រង់ បែបបទប្រកាសសុខ ភាព (The medical declaration application PC-COVID) អំឡុងពេលស្នាក់នៅក្នុងប្រទេស វៀតណាមស្របតាមបទប្បញ្ញត្តិនានា។ ទន្ទឹមនឹងនេះ នៅព្រំដែន ប្រសិនជាអ្នកដំណើរមានអាការៈ នៃជំងឺកូវីដ-១៩ ដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ តឹងច្រមុះ ឈឺចាប់រាងកាយ អស់កម្លាំង គ្រុនញាក់ បាត់រសជាតិ បាត់ក្លិន ឈឺចាប់ ឈឺក្បាល រាគ ពិបាកដកដង្ហើម និងរលាកផ្លូវ ដង្ហើមជាដើម ត្រូវរាយការណ៍ភ្លាមទៅភ្នាក់ងារសុខាភិបាលនៅព្រំដែន។

៥.សម្រាប់ការតាមដាន និងអនុវត្តវិធានការបង្ការជំងឺកូវឹង-១៩ គ្រប់អ្នកដំណើរត្រូវបន្តតាម ដានសុខភាពខ្លួនរយៈពេល ១០ថ្ងៃ ហើយប្រសិនជាមានរោគសញ្ញា ដូចបានរៀបរាប់ខាងលើ ត្រូវជូនដំណឹងភ្លាមទៅភ្នាក់ងារ សុខាភិបាលនៅជិតបំផុត ដើម្បីទទួលបានការណែនាំ និងគ្រប់គ្រង បានទាន់ពេលវេលា។ ទន្ទឹមនេះ ត្រូវបន្តអនុវត្តវិធានការបង្ការ ឲ្យបានជាប់ជាប្រចាំ ដូចជា ពាក់ម៉ាស និងលាងដៃជាមួយទឹកសំលាប់ មេរោគឲ្យបានញឹកញាប់ ៕

To Top