ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ គម្រោង៣ របស់ WB បានកាន់បន្ថយភាពក្រីក្រដល់ពលរដ្ឋកម្ពុជា (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា គម្រោងចំនួន៣ របស់ធនាគារពិភពលោក (WB) កំពុងអនុវត្តនាពេលនេះ បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋប្រទេសកម្ពុជា។

គម្រោងចំនួន៣ សំខាន់ៗ របស់ធនាគារពិភពលោក រួមមាន ៖ គម្រោងគណនេយ្យភាពសង្គម (ISAC), គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) និងគម្រោងគ្រប់គ្រងសំណល់រឹង។

ក្នុងឱកាសអនុញ្ញាតឲ្យលោក Benit Bosquet ប្រធានប្រចាំតំបន់នៃគម្រោងការអនុវត្តជាសកល នូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូសន្និសីទ នាថ្ងៃទី២២ មីនា សម្ដេច ស ខេង បានថ្លែងអំណរគុណចំពោះ ធនាគារពិភពលោក បានជួយគាំទ្រដល់គម្រោងសំខាន់ៗមួយចំនួនស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។

សម្ដេច មានប្រសាសន៍ថា «ការគាំទ្រតាមរយៈគម្រោងសំខាន់ៗទាំងនេះពីសំណាក់ធនាគារពិភពលោក គឺពិតជាបានរួមចំណែកដល់ការអភិវឌ្ឍនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំង ចូលរួមរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រចំពោះប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់គោលដៅ នៃការអនុវត្តនូវគម្រោងទាំងនេះ»។

សម្ដេច បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យបន្ដចូលរួមចំណែក ដើម្បីឱ្យការអនុវត្តគម្រោងសំខាន់ៗទាំងនេះ សម្រេចបានជោគជ័យ។ សម្ដេច ក៏បានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាគោលដៅនៃការអនុវត្តគម្រោងទាំងនេះ ពិតជាឃើញនូវការគាំទ្ររបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងសំខាន់ៗទាំងនេះ។
នាឱកាសនោះ លោក Benit Bosquet បានថ្លែងបញ្ជាក់ថា ធនាគារពិភពលោក ក៏នៅតែបន្ដបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការចូលរួមចំណែកតាមរយៈការអនុវត្តគម្រោងបែបនេះ សំដៅធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

To Top