ប៉េកាំង៖ មកទល់ពេលនេះ មិនទាន់មានអ្នកនៅរស់រានមានជីវិត ត្រូវបានរកឃើញនោះទេ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកមនុស្ស ១៣២នាក់ បានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។
យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលចាកចេញពីទីក្រុងគុនមីង ហើយត្រូវធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវ បានរក្សាការហោះហើរ ក្នុងរយៈកម្ពស់បាន ៨៩០០ម៉ែត្រ ខណៈដែលវាបានចូលដល់តំបន់គ្រប់គ្រង ចរាចរណ៍ផ្លូវអាកាសក្វាងចូវនៅម៉ោង ២ និង ១៧ នាទីរសៀល។
លោក Zhu Tao ប្រធានការិយាល័យ សុវត្ថិភាពអាកាសចរណ៍ នៃរដ្ឋបាលអាកាសចរណ៍ ស៊ីវិលនៃប្រទេសចិន (CAAC) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប៉ុន្តែត្រូវបានគេរកឃើញថា បានធ្លាក់ចុះយ៉ាងខ្លាំងនៅម៉ោង ២ និង ២០រសៀល ។
អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានទូរស័ព្ទម្ដងហើយម្ដងទៀត ទៅក្រុមនាវិក ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។ យន្តហោះបានបាត់បង់ សញ្ញារ៉ាដានៅម៉ោង ២ និង២៣នាទីរសៀល។ ហើយក្រោយមកត្រូវបានគេរកឃើញថា បានធ្លាក់នៅតំបន់ Tengxian ក្នុងទីក្រុង Wuzhou នេះបើយោងតាមលោក Zhu ។
លោក Zhu បានបន្ដថា មិនមានជនជាតិបរទេស នៅលើជើងហោះហើរ MU5735 នោះទេ ដោយលោកបានបន្ថែមថា មនុស្ស ១៣២នាក់ នៅលើយន្តហោះមានអ្នកដំណើរ ១២៣នាក់ និងសមាជិកនាវិក ៩នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា