គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លារបស់រុស្ស៊ី បានវាយប្រហារ ទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោម ព័ទ្ធរបស់អ៊ុយក្រែន ហើយការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើងកាលពីថ្ងៃអង្គារមួយថ្ងៃបន្ទាប់ពីក្រុងនេះ បានបដិសេធការទាមទារ របស់ទីក្រុងម៉ូស្គូ ឱ្យចុះចាញ់ ។
ក្រុមប្រឹក្សាក្រុងបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកកំពុងប្រែក្លាយ Mariupol ទៅជា “ផេះនៃដីស្លាប់” ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី និងអង្គភាពនៃក្រុមបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី បានកាន់កាប់ប្រហែលពាក់កណ្តាលនៃទីក្រុង ដោយលើកឡើងពីមេដឹកនាំផ្តាច់ខ្លួន។
អភិបាលនៃតំបន់ Donetsk លោក Pavlo Kyrylenko បានលើកឡើងថា ការប្រយុទ្ធគ្នាតាមដងផ្លូវកំពុងកើតឡើងនៅទីនោះ ហើយជនស៊ីវិល ក៏ដូចជាកងទ័ពអ៊ុយក្រែន កំពុងរងការបាញ់ប្រហារពីរុស្ស៊ី។
នៅថ្ងៃទី២៧ នៃសង្រ្គាមនៅអ៊ុយក្រែន ស្ថានភាពនៃជនស៊ីវិលនៅទីក្រុង Mariupol ដែលជាធម្មតាមានប្រជាជនចំនួន ៤០ម៉ឺននាក់ កាន់តែមានភាពអស់សង្ឃឹម។ មនុស្សរាប់រយពាន់នាក់ត្រូវបានគេជឿថា ជាប់នៅខាងក្នុងអគារ ដោយមិនមានអាហារ ទឹក ថាមពល ឬកំដៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានឲ្យដឆងនៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សភារបស់ប្រទេសអ៊ីតាលីថា “មិនមានអ្វីនៅសល់នៅទីនោះទេ” ។ អភិបាលរងក្រុង Sergei Orlov បានប្រាប់ CNN ថាទីក្រុងនេះស្ថិតនៅក្រោមការបិទផ្លូវទាំងស្រុង ហើយមិនបានទទួលជំនួយមនុស្សធម៌ទេ៕
ប្រែសម្រួល ឈូក បូរ៉ា