ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យបង្កើនល្បឿន ប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយ កាន់តែច្រើនអត្រាឈឺ និងស្លាប់ដោយជំងឺរបេង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបង្កើនល្បឿន កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយកាន់តែច្រើននូវអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ។

តាមរយៈសារលិខិត សម្ដេចតេជោបានមានប្រសាសន៍ថា ការព្យាបាលជំងឺរបេងជូនប្រជាជន ដោយឥតបង់ថ្លៃមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺនិងស្លាប់ ដោយសារជំងឺរបេងនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំងជាងប្រទេសដទៃ។ ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុង ចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៧៤ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។

សម្ដេចតេជោមានប្រសាសន៍ថា “ទោះបីជាយើងទទួលបាន ជោគជ័យយ៉ាងនេះក៏ដោយ ខ្ញុំយល់ថា ប្រទេសកម្ពុជាយើងនៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយបើប្រៀបធៀបនឹង បណ្តាប្រទេសមួយចំនួនទៀត នឹងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឲ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ច ការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យបានកាន់តែច្រើនថែម ទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃ ព្រះរាជាណាចក្រកម្ពុជា និងសកលលោក”។

សម្ដេចតេជោបន្តថា ចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការ យកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយមិនអាចមើលរំលងនូវ ចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅនិង សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ប្រសិនបើប្រជាពលរដ្ឋ មានសុខុមាលភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង និងបង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង ៕

To Top