ប៊ូដាពែស៖ នាយករដ្ឋមន្ត្រីហុងគ្រី បានសម្ដែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្ម លើវិស័យថាមពលរុស្ស៊ី នេះបើតាមការលើកឡើង របស់នាយករដ្ឋមន្ត្រីលោក Viktor Orban នៅថ្ងៃពុធ មុនពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។
លោក Orban បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ហុងគ្រី MTI ថា “សំណើដែលស្វែងរក ការពង្រីកទណ្ឌកម្មប្រឆាំងនឹង ការឈ្លានពានរបស់រុស្ស៊ី ចំពោះវិស័យថាមពល ហើយដូច្នេះធ្វើឱ្យប្រទេសហុងគ្រី ស្ថិតក្នុងស្ថានភាពលំបាក ប្រហែលជាត្រូវរារាំង” ។
លោកបានបន្ថែមថា “យើងត្រូវតែការពារផលប្រយោជន៍ជាតិ របស់ប្រទេសហុងគ្រី ហើយយើងត្រូវតែមានជ័យជំនះ នៅទីក្រុងព្រុចសែល សម្រាប់រយៈពេលពីរថ្ងៃ បន្ទាប់ខាងមុខនេះ” ។
មេដឹកនាំសហភាពអឺរ៉ុប នឹងជួបប្រជុំរយៈពេលពីរថ្ងៃ នៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីជំហាន និងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងរុស្ស៊ី ដោយសារតែជម្លោះ រុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះឡើងជិតមួយខែមុន។
យោងតាមលោក Orban បានឱ្យដឹងថា សំណើមួយចំនួនទាមទារឱ្យ មានការបន្ថែមទណ្ឌកម្ម របស់សហភាពអឺរ៉ុប ចំពោះក្រុមហ៊ុនថាមពលរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
កាលពីថ្ងៃពុធ ប្រធានផ្នែកការទូតហុងគ្រី លោក Peter Szijjarto បានបញ្ជាក់ជំហររបស់ហុងគ្រី ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន ថាមពលរុស្ស៊ី ដោយសារសេដ្ឋកិច្ចហុងគ្រី រួមជាមួយនឹងបណ្តាប្រទេស សហភាពអឺរ៉ុបផ្សេងទៀត ពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរបស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា