ភ្នំពេញ៖ ក្រសួងវប្បធម៍និងវិចិត្រសិល្បៈ បានដឹងថា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិ សំបូរព្រៃគុក បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ជាមួយលោកស្រីបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុលនិង សង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និង កំពុងរងការខូចខាត ឱ្យមាននិរន្តរភាព ប្រសើរឡើងវិញ ។
ពិធីចុះហត្ថលេខាលើ អនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ច គាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋាន ប្រវត្តិអង្គរ (អាយស៊ីស៊ី-អង្គរ) នាសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាព របស់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក ផាន់ ណាឌី អគ្គនាយក នៃអាជ្ញាធរជាតិសំបូរព្រៃគុក មានប្រសាសន៍ថាលក្ខណៈ នៃក្រុមប្រាសាទសំបូរព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ តែការចុះអនុស្សារណៈ ជាមួយឥណ្ឌា នៅពេលនេះ គឺផ្ដោតលើគម្រោងជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលសង់ពីថ្មភក់ ហើយប្រាសាទនេះ មានរចនាបទស្រដៀងគ្នា ទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើ ឱ្យឥណ្ឌាចាប់អារម្មណ៍ លើគម្រោងជួសជុលនោះ ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ផ្ដើមការងារ តាំងពីដើមឆ្នាំ២០១៧ ដោយផ្តោតការយកចិត្តទុកដាក់ជំហានដំបូងលើ ២ចំណុច គឺទី១ ជួយអន្តរាគមន៍ បន្ទាន់លើការជួសជុល ការថែទាំប្រាសាទបុរាណ ដែលជាប្រភេទប្រាសាទឥដ្ឋ មានវ័យចំណាស់ជាងគេ តាំង ពីសតវត្សរ៍ទី៧ គឺមុនសម័យ អង្គរ ទៅទៀត ដែលកំពុងប្រឈមនឹងការជ្រុះបាក់បែក ។ ចំណែក ចំណុចទី២ គឺ យកចិត្តទុករៀបចំលំនៅដ្ឋាន និងសំណង់នានា របស់ប្រជាពលរដ្ឋ កុំឱ្យមានការរីករាលដាលចូលទៅក្នុង តំបន់ការពារសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ៕