ព័ត៌មានអន្តរជាតិ

ចិន ជំរុញឲ្យអាមេរិក ត្រូវតែពន្យល់ឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ ជីវសាស្រ្តរបស់ខ្លួន នៅអ៊ុយក្រែន

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានទាមទារឱ្យសហរដ្ឋអាមេរិក ពន្យល់ពីការស្រាវជ្រាវរបស់ខ្លួន លើអាវុធជីវសាស្រ្ត ដែលបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ។នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានលើកឡើងថា លោកបានកត់សម្គាល់របាយការណ៍ ពាក់ព័ន្ធស្តីពីមន្ទីរពិសោធន៍ជីវសាស្រ្ត bio-labs របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា អាវុធជីវសាស្រ្ត គឺជាអាវុធប្រល័យលោក ហើយព័ត៌មានណាមួយ អំពីសកម្មភាពយោធាជីវសាស្រ្ត សមនឹងទទួលបានការយកចិត្តទុកដាក់ យ៉ាងជិតស្និទ្ធពីសហគមន៍អន្តរជាតិ។

យោងតាមប្រភពបើកចំហ មន្ទីរពិសោធន៍ជីវគីមី រាប់សិបកន្លែង ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានដំណើរការនៅក្រោមការបញ្ជា របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។ លោក Wu បានកត់សម្គាល់ថា កង្វះតម្លាភាព និងហានិភ័យសុវត្ថិភាព ដែលមិនអាចប្រកែកបាន ក្នុងចំណោមកត្តាផ្សេងទៀត គឺជាហេតុផលសំខាន់ ដែលមន្ទីរពិសោធន៍ទាំងនេះបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងទូលំទូលាយ។

លោកបានបន្ដថា ភាគីត្រូវបានជំរុញឱ្យប្រកាន់យក អាកប្បកិរិយាបើកចំហ តម្លាភាព និងការទទួលខុសត្រូវ ហើយផ្តល់គណនីពេញលេញនៃសកម្មភាពយោធា ជីវសាស្រ្ត របស់ខ្លួនទាំងក្នុង និងក្រៅប្រទេស និងជាកម្មវត្ថុ នៃការផ្ទៀងផ្ទាត់ពហុភាគី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top