ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថារុស្ស៊ី នឹងយល់អំពីការបោះឆ្នោតប្រឆាំងខ្លួន លើបញ្ហាអ៊ុយក្រែន (Video)

ភ្នំពេញ៖ ក្នុងនាមជាប្រទេសធ្លាប់ទទួលការឈ្លានពាន លើឯករាជ្យនិងអធិបតេយ្យភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ក្ដីសង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់អំពីថាហេតុអ្វី ទើបបានជាកម្ពុជា បោះឆ្នោតប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី ទៅលើអ៊ុយក្រែន។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគារនៃមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ ទោះបីមានការសម្រេចចិត្ត ប៉ុន្មានទៀតក៏ដោយ ខ្ញុំនៅតែឈរខាងអ៊ុយក្រែន សាមគ្គីជាមួយប្រជាជនអ៊ុយក្រែន ដើម្បីប្រឆាំងការឈ្លានពាន។ មិនថាការឈ្លានពានមកពីរុស្ស៊ីនោះទេ បើការឈ្លានពាននោះចេញ មកពីប្រទេសណាទៀត ខ្ញុំនៅតែថ្កោលទោសនិងប្រឆាំងដូចគ្នា»។

សម្ដេចតេជោបញ្ជាក់ថា «មិត្តរុស្ស៊ីរបស់យើងនឹងយល់អំពីយើង ថាហេតុអ្វីទើបបានជាកម្ពុជាប្រឆាំង។ កម្ពុជាធ្លាប់បានត្រូវគេឈ្លានពាន ដូច្នេះកម្ពុជាត្រូវតែថ្កោលទោស អ្នកដែលឈ្លានពានគេ។ យើងជាប្រទេសដែលធ្លាប់គេឈ្លានពានលើឯករាជ្យ អធិបតេយ្យភាព យើងជាប្រទេសដែលគេធ្លាប់ឈ្លានពានចឹងយើងក៏នឹកគិតទៅដល់ប្រទេស ដែលត្រូវគេឈ្លានពាន»។

សម្ដេចតជោ លើកឡើងចោទជាសំណួរថា ថ្ងៃក្រោយបើមានប្រទេសណាមួយ ធ្វើឥរិយាបថ បែបនេះ មកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់អ្នកណា?

សម្ដេចបញ្ជាក់បន្ថែមថា «ការគោរពដល់ឯករាជ្យនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរព ឯករាជ្យនិងអធិបតេយ្យភាពរបស់កម្ពុជាដូចគ្នា»។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានផ្ដាំទៅកាន់អ្នកអត្ថាធិប្បាយឲ្យមានការប្រុងប្រយ័ត្នចំពោះ ការអត្ថាធិប្បាយចំពោះគោលនយោបាយការបរទេសកម្ពុជា ដោយសម្ដេចតេជោបញ្ជាក់ថា នយោបាយការបរទេសកម្ពុជា ផ្អែកលើគោលការណ៍ លើច្បាប់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ មិនប្រើប្រាស់កម្លាំងឬគម្រាមប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ។

ជុំវិញករណីអ៊ុយក្រែននេះដែរ សម្ដេចតេជោសង្កត់ធ្ងន់ថា «ក្នុងនាមរាជរដ្ឋាភិបាលពេលនេះ ខ្ញុំត្រូវតែកាន់ចង្កូតនិងក្ដាប់កូនសោនូវបញ្ហានេះក្នុងដៃ ខ្ញុំត្រូវបញ្ជាទៅរដ្ឋមន្រ្តីការបរទេស ហើយខ្ញុំត្រូវតាមដានត្រួតពិនិត្យផ្ទាល់ ជាមួយនឹងតំណាងរបស់យើង នៅអង្គការសហប្រជាតិ បោះឆ្នោតយ៉ាងមិចហើយ ដំណើរការដល់ណាហើយ ហើយត្រូវឡើងធ្វើបទអន្តរាគមន៍ យ៉ាងណាខ្ញុំត្រូវទាក់ទងផ្ទាល់ ព្រោះមិនអាចធ្វេសប្រហែសបាន ក្នុងការអនុវត្តន៍នយោបាយការបរទេស ដ៏ក្ដៅគគុក នេះបានទេ»។

សម្ដេចបន្ថែមថា សង្ឃឹមថារុស្ស៊ីនិងអ៊ុយក្រែន នឹងខិតខំរកចំណុចរួមមួយ ដើម្បីបញ្ចប់ជម្លោះកាត់បន្ថយចំនួនមនុស្សស្លាប់និងឈានទៅដល់ការបញ្ឈប់មានមនុស្សស្លាប់។ វិបត្តិមនុស្សធម៌កំពុងកើតឡើងហើយ ជនភៀសខ្លួនរាប់លាននាក់ មកខាងក្រៅប្រទេស តែជនភៀសសឹកនៅក្នុងប្រទេស។

សម្តេចក៏ស្វាគមន៍ចំពោះរុស្ស៊ីនិងអ៊ុយក្រែន ដែលបើកច្រករបៀងមនុស្សធម៌ សម្រាប់ការជម្លៀសពលរដ្ឋស៊ីវិលចេញពីតំបន់មានសង្គ្រាមនិងផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ ដូច្នេះភាគីទាំង២ អាចនិយាយគ្នាបាន ៕

To Top