ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមានកិច្ចសហការ ជាមួយនិយ័តករ មូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ‘បច្ចុប្បន្នភាពអត្ថប្រយោជន៍ នៃទីផ្សារមូលបត្រកម្ពុជា និងការជួញដូរមូលបត្រនៅកម្ពុជា’ ដោយវាគ្មិនពីររូបគឺ លោកស្រី សឿន កណ្ណិកា និងលោក សុធី ប្រកប តំណាងនិយ័តករមូលបត្រកម្ពុជា ។ ក្នុងកម្មវិធីនៃសិក្ខាសាលានេះ មានការចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិសិ្សត ជំនាញធនាគារនិងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ចំនួន ២០០នាក់។
នៅក្នុងមតិស្វាគមន៍បើកកម្មវធី លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបង្ហាញពីចំណាប់ អារម្មណ៍ថា អង្គសិក្ខាសាលានេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជាជំនួយស្មារតីបន្ថែម ដល់និសិ្សតគ្រប់កម្រិត គ្រប់ជំនាញ របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និយាយជារួម និងនិយាយដាច់ ដោយឡែក គឺផ្តល់ចំណេះដឹង អំពីទីផ្សារហិរញ្ញវត្ថុ សម្រាប់និសិ្សត ក្នុងមហាវិទ្យាល័យសង្គមសាស្ត្រ និងសេដ្ឋកិច្ច ។
លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព បានលើកឡើងពីចក្ខុវិស័យ និងបេសកកម្ម របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយផ្តោតលើការបណ្តុះបណ្តាល គ្រប់កម្រិតជំនាញ ភាសា បច្ចេកវិទ្យា ក្នុងគោលបំណងលើកស្ទួយ វិស័យអប់រំឱ្យកាន់តែល្អប្រសើរ ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរីកចម្រើនទាំងក្នុងនិងក្រៅប្រទេស ជាពិសេសការផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្ត ។ លោកសាស្ត្រាចារ្យបណ្ឌិត សាកលវិទ្យាធិការ បានបង្ហាញ ពីគោលបំណងរបស់សិក្ខាសាលាស្តីពី ‘បច្ចុប្បន្នភាព អត្ថប្រយោជន៍ នៃទីផ្សារមូលបត្រកម្ពុជា និងការជួញដូរ មូលបត្រនៅកម្ពុជា’ គឺផ្តល់ចំណេះដឹងដល់និសិ្សត ពីភាពរីកចម្រើន នៃទីផ្សារមូលបត្រកម្ពុជា ដែលជាស្ថាប័នផ្តល់នូវសេវាហិរញ្ញវត្ថុ មិនមែនជាធនាគារ វាមានសារសំខាន់ សម្រាប់និស្សិត និងអ្នកសិក្សាស្រាវជា្រវវិភាគនានា ដូចជា វិស័យធុរៈកិច្ច សេដ្ឋកិច្ច ហិរញ្ញវត្ថុ នយោបាយ ទេសចរណ៍ វប្បធម៌ បច្ចេកវិទ្យា ជាដើម ។ សិក្ខាសាលា ស្តីពី ‘បច្ចុប្បន្នភាព អត្ថប្រយោជន៍ នៃ ទីផ្សារមូលបត្រកម្ពុជា និងការជួញដូរមូលបត្រនៅកម្ពុជា’ នឹងចូលរួមផ្តល់នូវពុទ្ធិ យ៉ាងទំលំទូលាយ ចូលរួមលើកកម្ពស់ការយល់ដឹង ពីគោលការណ៍ទូទៅ នៃដំណើរការស្វែងរកហិរញ្ញវត្ថុនិងការវិនិយោគ តាមរយៈការជួញដូរមូលបត្រ យុទ្ធសាស្រ្ត នៃ ការអភិវឌ្ឍសង្គមជាតិ បញ្ហាសាកលភាវូបនីយកម្ម ដំណោះស្រាយវិបត្តិ សេដ្ឋកិច្ច បញ្ហាហិរញ្ញវត្ថុ ដែលបានកើតឡើង នៅក្នុងប្រទេស និងពិភពលោក ។ ក្នុងន័យនេះកត្តាចាំបាច់បំផុត សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន គឺស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុវត្ថិភាពហិរញ្ញវត្ថុ សន្តិសុខសង្គម សន្តិភាព និងស្ថិរភាពសង្គម ។ ក្នុងយុគសម័យបច្ចេកវិទ្យា វិស័យហិរញ្ញវត្ថុក្នុងបរិបទ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គឺជាមូលដ្ឋាន សំខាន់ចង្អុលបង្ហាញ ផ្លូវផ្តល់នូវវិធីស្វែង រកមូលនិធិយ៉ាងត្រឹមត្រូវ ដើម្បីដើរឱ្យទាន់សភាពការណ៍ សេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេសសម្រាប់កម្ពុជា កំពុងស្ថិតក្នុងដំណើរការ នៃការធ្វើសមាហរណកម្មទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ និងសាកលលោក ។
វាគ្មិនទី១គឺ លោកស្រី សឿន កណ្ណិកា អនុប្រធានការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ បានធ្វើបទបង្ហាញយ៉ាងពិស្តារ អំពី សាវតាទីផ្សារមូលបត្រ ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ផលិតផលទីផ្សារមូលបត្រ ដែលជាផ្នែកស្នូលចម្បង កំពុងមានការរីកចម្រើនយ៉ាងខ្លាំង នៅកម្ពុជានាពេលបច្ចុប្បន្ន ។
រីឯវាគ្មិនទី២ គឺលោកសុធី ប្រកប អនុប្រធានការិយាល័យ ត្រួតពិនិត្យប្រតិបត្តិការ ទីផ្សាមូលបត្រ នៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ បានពន្យល់បកស្រាយយ៉ាងពិស្តារ អំពីទិន្នន័យទីផ្សារ អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ និងការជួញដូរមូលបត្រនៅកម្ពុជា ។
ក្នុងអង្គសិក្ខាសាលានេះមានកិច្ចការ ពិភាក្សាដោយមានការលើកឡើង ជាសំណួរយ៉ាងផុសផុល ពីសំណាក់សិក្ខាកាម ជាមួយគ្នានេះ វាគ្មិនតំណាងនិយ័តករមូលបត្រកម្ពុជា ទាំង២រូប បានពន្យល់យ៉ាងក្បោះក្បាយពីប្រព័ន្ធហិរញ្ញវត្ថុ នៅកម្ពុជាផងដែរ ៕