ព័ត៌មានជាតិ

មេបញ្ជាការរងកងទ័ពជើងទឹក លោក ទៀ សុខា អញ្ជើញចូលរួម ជាមួយអភិបាលខេត្តព្រះសីហនុ ចុះជួបសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ ចែកជូនកងទ័ពជើងទឹក ប្រចាំការកោះពូលូវៃ

ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ​ សន្តិសុខលម្ហសមុទ្រ អមដំណើរដោយ មេបញ្ជាការរង បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកទៅចែកជូននាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដែលប្រចាំការនៅកោះពូលូវ៉ៃ កោះតាង កោះរ៉ុង និងកោះរ៉ុងសន្លឹម ។

គួរឲ្យដឹងផងដែរថា ពិធីជួបសំណេះសំណាលនាឱកាសនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបាននាំយកគ្រឿងឧបភោគ បរិភោគជាច្រើន ឧបត្ថម្ភដល់កងកម្លាំង សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខដ៏ខ្លីនេះ ។ ពិធីនេះដែរ ក៏ឃើញវត្តមាន លោកឧកញ៉ា ទៀ វិចិត្រ ចូលរួមនិងអមដំណើរផងដែរ៕

To Top