បរទេស៖ អភិបាលខេត្តរបស់រុស្ស៊ី គឺលោក Vyacheslav Galdkov បាននិយាយនៅព្រឹកថ្ងៃសុក្រថា អគ្គីភ័យនៅរោងចក្រប្រេង ក្នុងតំបន់ Belgorod នៃប្រទេសរុស្ស៊ី គឺបណ្តាលមកពីការវាយឆ្មក់ តាមអាកាសរបស់អ៊ុយក្រែន។ ឧបទ្ទវហេតុនេះ ត្រូវបានរាយការណ៍ ចំពេលយុទ្ធនាការយោធារបស់រុស្ស៊ី នៅក្នុងប្រទេសជិតខាងរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Gladkov បាននិយាយថា ស្ថានីយនេះត្រូវបានវាយប្រហារដោយ “ឧទ្ធម្ភាគចក្រយោធាអ៊ុយក្រែន ចំនួន២គ្រឿង ដែលបានចូលទឹកដី នៃប្រទេសរុស្ស៊ី ខណៈពេលដែលកំពុងហោះហើរ ក្នុងរយៈកម្ពស់ទាប” ។ ព័ត៌មានលម្អិតពិតប្រាកដនៃឧបទ្ទវហេតុនេះ មិនទាន់ត្រូវបានបញ្ជាក់ ឱ្យច្បាស់លាស់នៅឡើយទេ។
អភិបាលខេត្តបាននិយាយថា កម្មករពីរនាក់បានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ថងរដល់អាយុជីវិតនោះទេ។ អាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាជន ចេញពីតំបន់ក្បែរនោះផងដែរ។ វីដេអូពីកន្លែងកើតហេតុ គឺបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅកន្លែងនោះ៕ ប្រែសម្រួលៈ ណៃ តុលា