ព័ត៌មានអន្តរជាតិ

IAEAថា យោធារុស្ស៊ី ប្រគល់រោងចក្រនុយក្លេអ៊ែរ Chernobyl ឱ្យអ៊ុយក្រែនវិញ

បរទេស៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលលែងដំណើរការហើយ ដែលជាទីតាំងនៃគ្រោះមហន្តរាយដ៏ធំក្នុងឆ្នាំ 1986 ក្រោយពេលដែលរុស្ស៊ីបានរឹបអូសគ្រឿងបរិក្ខារទាំងនោះកាលពីខែកុម្ភៈ នៅពេលចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារ IAEA បានបន្ថែមថា កងកម្លាំងរុស្ស៊ីក៏បានចាកចេញពីទីក្រុង Slavutych ក្បែរនោះ ដែលជាកន្លែងបុគ្គលិករោងចក្រជាច្រើនរស់នៅ។ ទីភ្នាក់ងារនេះបានដកស្រង់សម្តីរបស់អ៊ុយក្រែនថា ទាហានរុស្ស៊ីមួយចំនួននៅតែមានវត្តមាននៅលើទីតាំង ប៉ុន្តែវាត្រូវបាន “សន្មត់” ថាពួកគេកំពុងរៀបចំដើម្បីចាកចេញផងដែរ។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងវីយែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយប្រើប្រាស់ឈ្មោះរបស់រោងចក្រអ៊ុយក្រែនថា “ថ្ងៃនេះអ៊ុយក្រែនបានជូនដំណឹងដល់ IAEA ថា កងកម្លាំងរុស្ស៊ីដែលបានគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl (NPP) ចាប់តាំងពីថ្ងៃទី 24 ខែកុម្ភៈ បានផ្ទេរការគ្រប់គ្រង NPP ជាលាយលក្ខណ៍អក្សរទៅឱ្យបុគ្គលិកអ៊ុយក្រែនហើយបានចេញទៅដោយក្បួនរថយន្តចំនួនពីរទៅកាន់ប្រទេសបេឡារុស្ស” ៕

To Top