DAP News

ព័ត៌មានជាតិ

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង៥.៣% ឆ្នាំ២០២២ និង៦.៥% ឆ្នាំ២០២៣ (Video)

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករពីសេដ្ឋកិច្ចកម្ពុជាថា នឹងមានការកើនឡើង៥.៣% នៅឆ្នាំ២០២២ និង៦.៥% នៅឆ្នាំ២០២៣ ដោយសារកំណើន នៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នាថ្ងៃទី៦ មេសា ដែលនាយកស្តីទី ប្រចាំប្រទេសកម្ពុជា របស់ ADB លោក Anthony Gill បានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានងើបឡើងវិញ ដល់ប្រមាណ ៣.០%ក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ៣.១% ក្នុងឆ្នាំ២០២០។ រាជរដ្ឋាភិបាលបានអនុវត្ត គោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ អវិជ្ជមាននៃកូវីដ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រ ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ»។

លោកបន្ដថា ការចាក់វ៉ាក់សាំង បានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ-១៩ បានអនុញ្ញាតឲ្យកម្ពុជា បើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំទៅរកការរំពឹងទុកវិជ្ជមាន នៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ២០២៣។

យោងតាមរបាយការណ៍ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២២ ផលិតកម្មឧស្សាហកម្មត្រូវ បានរំពឹងថា នឹងកើនឡើង ៨.១% នៅឆ្នាំ២០២២ និង ៩.១% ក្នុងឆ្នាំ២០២៣។ កំណើននេះ ក៏នឹងត្រូវបានជំរុញ ដោយការអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណង បង្កើនការប្រកួតប្រជែង នៅក្នុងផ្នែកនេះ។

ដោយឡែក ការនាំចេញទំនិញ និងសេវាកម្ម ត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុក លើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញនៅកម្រិត៤.៨% នៅឆ្នាំនេះ និង កើនដល់៦.៨% ក្នុងឆ្នាំ២០២៣។ របើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំង នឹងកូវីដ១៩ នឹងធ្វើឲ្យមានការងើបឡើងវិញបន្តិចម្តងៗ នៃវិស័យទេសចរណ៍ ដែលនឹងជួយគាំទ្រ តម្រូវការនៃកន្លែង ស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។

ក្នុងរបាយការណ៍នេះ ក៏បានអំពាវនាវឲ្យកម្ពុជា ធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញកំណើន ប្រកបដោយចីរភាព។

លោក Anthony Gill បានថ្លែងបញ្ជាក់ថា «ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍តែមួយមុខ នឹងមិនគ្រប់គ្រាន់ ដើម្បីជួយកម្ពុជា ឲ្យមាននិរន្តរភាព កំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ប្រទេសកម្ពុជា ដែលធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង អាចទទួលបានអត្ថប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល ដូចជាកង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពធន់ នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក»។

សូមបញ្ជាក់ថា បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគ ចំនួន ២.៣ពាន់លានដុល្លារនៅកម្ពុជា។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៣២៧.១លានដុល្លារ ហើយបានកៀគរថវិកាបន្ថែម ចំនួន៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់កម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមាន៖ កម្ចីសម្បទានចំនួន ១.៤៤ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣៧លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩។

លើសពីនេះទៀត ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ប្តេជ្ញាថា នឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការ ខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះ ត្រូវបានគ្រប់គ្រង​ ដោយសមាជិក ចំនួន៦៨ប្រទេស ដែលក្នុងនោះ មាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕

To Top