ភ្នំពេញ ៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ បានធ្វើលិខិតសំណូមពរ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួយចាត់វិធានការជាបន្ទាន់ ចំពោះករណីរំលោភសិទ្ធិកម្មករ និងជួយរកយុត្តិធម៌ ជូនពួកគាត់ទំាង១៤០៨នាក់ ដែលមកពី២៣រោងចក្រ ឲ្យបានឆាប់រហ័ស ។
យោងតាមលិខិតរបស់ស៊ីខៅឌូ កាលពីថ្ងៃ៤ មេសា បានឲ្យដឹងថា ស្នើសម្តេចតេជោ ជួយកម្មករទាំង១៤០៨នាក់នេះ បានចូលធ្វើការវិញ និងសងរំលឹកប្រាក់ឈ្នួល ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ចាប់ពីថ្ងៃបណ្តេញចេញ រហូតដល់ថ្ងៃចូលធ្វើការវិញ ។
លិខិតបន្តថា កម្មករទាំង១៤០៨នាក់នេះ បានជួបបញ្ហា តែមិនទាន់បានទទួលការដោះស្រាយពីភាគីពាក់ព័ន្ធ ។ ក្នុងនោះ សម្ព័ន្ធ សហជីពនេះ មានការសោកស្តាយ ចំពោះចំណាត់ការរបស់ក្រសួងការងារ ដែលមានដំណោះស្រាយយឺតយ៉ាវ ហើយគ្មានប្រសិទ្ធភាព ព្រមទាំងគ្មានវិធានការ ចំពោះនិយោជក ដែលមិនបានអនុវត្តច្បាប់កន្លងមក ។
លិខិតបញ្ជាក់ថា បើមិនមានដំណោះស្រាយទេ កម្មកររងគ្រោះទាំងជាង១ពាន់នាក់នេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃ២៧ មេសា និងដាក់ញ្ញត្តិនៅក្រសួងការងារ នៅថ្ងៃ១ ឧសភាខាងមុខផងដែរ ៕