ព័ត៌មានជាតិ

រថយន្ដ កែច្នៃដំឡើងម៉ូដែល មិនអនុញ្ញាតឲ្យចូលឆៀក ឬចុះបញ្ជី ផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខឡើយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា រថយន្ដកែច្នៃដំឡើងម៉ូដែល ប៉ះពាល់ផ្នែកសុវត្ថិភាព របស់យាន មិនត្រូវអនុញ្ញា ឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះឡើយ ។

ក្រសួងសាធារណការ លើកឡើងបែបនេះ ក្រោយពីក្រសួង បានសង្កេតឃើញមានរថយន្ដ គ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែល រថយន្ដដោយមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង ដែលបានបណ្ដាលឲ្យប៉ះពាល់ដល់ផ្នែក សុវត្ថិភាពរបស់យាន និងបានធ្វើឲ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ដ ហើយសកម្មភាពនេះ បានផ្ទុយពីអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ ដំឡើងយានយន្ដ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា «រថយន្ដដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ដ ដែលប៉ះពាល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាត ទីក្រសួងសាធារណការ គឺមិនអនុញ្ញាតឲ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្ដល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ»។

ក្រសួងបន្ដថា ចំពោះយានដ្ឋានកែច្នៃដំឡើង រថយន្ដដែលធ្វើសកម្មភាពកែច្នៃដំឡើង ម៉ូដែលរថយន្ដ ប៉ះពាល់ដល់ផ្នែកសុវត្ថិភាព របស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួង នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាព ធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ។

ក្រសួងសាធារណការ ជឿជាក់ថា ម្ចាស់រថយន្ដទាំងអស់ និងម្ចាស់យានដ្ឋាន កែច្នៃដំឡើងរថយន្ដគ្រប់ប្រភេទ ចូលរួមអនុវត្តបទញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ទាំងអស់គ្នា ៕

To Top