ព័ត៌មានអន្តរជាតិ

Update: ជប៉ុន ប្រកាសលុបចោល ការនាំចូលធ្យូងថ្មពីរុស្ស៉ី

តូក្យូ ៖ រដ្ឋមន្ត្រីឧស្សាហកម្មបានឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងលុបចោលការនាំចូលធ្យូងថ្ម ពីរុស្ស៊ី ដែលជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការលុកលុយ របស់ខ្លួនទៅកាន់ អ៊ុយក្រែន ដោយចូលរួមជាមួយ ក្រុមប្រទេសឧស្សាហកម្ម ចំនួនប្រាំពីរផ្សេងទៀត នៅក្នុងការផ្លាស់ប្តូរនេះ ។

រដ្ឋមន្ត្រីឧស្សាហកម្មលោក Koichi Hagiuda បានប្រាប់សន្និសីទ សារព័ត៌មានប្រថ្ងៃមួយថា ប្រទេសជប៉ុន នឹងកាត់បន្ថយបន្តិចម្តងៗ នូវបរិមាណនាំចូលពីប្រទេសរុស្ស៊ី ហើយនៅទីបំផុតបំបែកការពឹង ផ្អែករបស់ជប៉ុន លើធ្យូងថ្មរបស់ខ្លួន ដោយលើកឡើងថា “យើងព្យាយាមបញ្ឈប់ការនាំចូលនៅទីបញ្ចប់” ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ត្រូវបានគេរំពឹងថា នឹងប្រកាសដាក់ ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី រួមទាំងការលម្អិតអំពីការរឹតបន្តឹង ការនាំចូលធ្យូងថ្ម នៅក្នុងសន្និសីទសារព័ត៌មាន នៅពេលក្រោយ។

លោក Hagiuda បានលើកឡើងថា “យើងនឹងធ្វើការបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ដោយជំរុញឱ្យមានការ ធ្វើពិពិធកម្មប្រភពថាមពល រួមទាំងថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរ” ដោយបន្ថែមថា តូក្យូនឹងស្វែងរកប្រទេសជំនួសជាអ្នកផ្គត់ផ្គង់ធ្យូងថ្ម ។

ធ្យូងថ្មរុស្ស៊ីមានចំនួន ១៣ ភាគរយនៃចំនួន សរុបដែលប្រើប្រាស់ សម្រាប់ផលិតថាមពលនៅក្នុងប្រទេសជប៉ុន។ ប្រទេសជប៉ុន ដែលក្រីក្រធនធានបាន និងកំពុងចាត់វិធានការប្រុងប្រយ័ត្នលើទណ្ឌកម្ម ដែលផ្តោតលើថាមពលរបស់រុស្ស៊ី ប៉ុន្តែបានផ្លាស់ប្តូរជំហានជាមួយបណ្តា ប្រទេសលោកខាងលិចផ្សេងទៀត បន្ទាប់ពីមានការតវ៉ាជាអន្តរជាតិ ដែលបង្កឡើង ដោយរូបភាពនៃជនស៊ីវិល ដែលបានស្លាប់នៅលើដងផ្លូវអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top