ព័ត៌មានអន្តរជាតិ

Update: នាយករដ្ឋមន្រ្តីអង់គ្លេស សន្យាផ្តល់រថយន្តពាសដែក ១២០គ្រឿងទៀត ដល់អ៊ុយក្រែន និងប្រាក់ ៥០០លានដុល្លារតាមរយៈកម្ចី WB

បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើទស្សនកិច្ចដោយមិនប្រកាសមួយ ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេល ដែលលោកបានសន្យា ផ្តល់រថយន្តពាសដែកចំនួន ១២០គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំង នាវាដល់របប របស់លោកប្រធានាធិបតី Volodymyr Zelensky ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Boris Johnson បានអនុញ្ញាតកញ្ចប់ ជំនួយយោធាដាច់ ដោយឡែកពីមួយថ្ងៃមុន ហើយថែមទាំង បានសន្យាផ្តល់ឱ្យអ៊ុយក្រែននូវថវិកា ៥០០លានដុល្លារ ដែលជាប្រាក់កម្ចីរបស់ធនាគារពិភពលោក។

លោក Johnson បានសរសេរនៅលើ Twitter ភ្លាមៗបន្ទាប់ពីព័ត៌មាន អំពីការធ្វើដំណើរ ដោយមិនមានការជូនដំណឹង របស់គាត់ទៅកាន់រដ្ឋធានីអ៊ុយក្រែន បានផ្ទុះឡើងថា “ថ្ងៃនេះខ្ញុំបានជួបមិត្តរបស់ខ្ញុំ ប្រធានាធិបតី Zelensky ក្នុងទីក្រុង គៀវ ជាការបង្ហាញពីការគាំទ្រ ឥតងាករេរបស់យើងសម្រាប់ប្រជាជន អ៊ុយក្រែន” លោកបានបន្ថែមថា “យើងកំពុងរៀបចំ កញ្ចប់ថ្មីនៃជំនួយហិរញ្ញវត្ថុ និងយោធា ដែលជាសក្ខីភាព នៃការប្តេជ្ញាចិត្តរបស់យើង ចំពោះការតស៊ូរបស់ប្រទេសគាត់ប្រឆាំងនឹងយុទ្ធនាការ ដ៏ព្រៃផ្សៃរបស់រុស្ស៊ី” ។

យោងតាមវិមាន Downing Street គឺថា ចក្រភពអង់គ្លេស នឹងផ្គត់ផ្គង់កងកម្លាំងរបស់ Zelensky ជាមួយនឹងរថយន្តពាសដែកចំនួន ១២០គ្រឿង និងប្រព័ន្ធមីស៊ីល ប្រឆាំងនាវាថ្មី។ បរិក្ខារយោធានេះ បន្ថែមពីលើកញ្ចប់ជំនួយយោធាតម្លៃ ១០០លានផោន (១៣០ លានដុល្លារ) ដែលប្រកាស កាលពីថ្ងៃសុក្រ ដែលរួមមានមីស៊ីលប្រឆាំងយន្តហោះ Starstreak, មីស៊ីលប្រឆាំងរថក្រោះ 800 NLAW និង “គ្រាប់បែកបច្ចេកវិទ្យាខ្ពស់” ដែលត្រូវបានគេស្គាល់ជាទូទៅថា ជា ‘យន្តហោះគ្មានមនុស្ស បើកធ្វើអត្តឃាត’៕
ប្រែសម្រួលៈ ណៃ តុលា

To Top