ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែនជូនដល់បងប្អូនកងទ័ព នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្ហាញសមិទ្ធផលការងារមួយចំនួន ដែលកងពលតូចដឹកជញ្ជូនលេខ៩៩ បានបំពេញដើម្បីប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ រួមមាន៖
-ដឹកជញ្ជូនសពប្រជាពលរដ្ឋដែលជួបឧប្បទ្ទវហេតុរត់ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០។
-ដឹកជញ្ជូនកម្លាំងចូលរួមសមយុទ្ធ នាគមាស ហនុមានមាស និងលំហាត់សមយុទ្ធសង្គ្រោះ គ្រោះមហន្តរាយអចិន្ត្រៃយ៍ ព្រំដែនកម្ពុជា-វៀតណាម។
-ដឹកជញ្ជូនយុវជនស្ម័គ្រចិត្តសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះបំពេញបេសកកម្មលេខ០១ វាស់វែងដីធ្លីចែកជូនប្រជាពលរដ្ឋ តាមបណ្តាខេត្តទូទាំងប្រទេស។
-ដឹកជញ្ជូនកម្លាំងសន្សិត និងសិក្ខាកាមនៅតាមសាលា ទៅបំពេញការសិក្សាក្នុង-ក្រៅប្រទេស និងធ្វើកម្មសិក្សាតាមបណ្តាយោធភូមិភាគ។
-ដឹកជញ្ជូនគណៈឞ្រតិភូក្រុមការងារ និងសម្ភារៈក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត នៅខេត្តសៀមរាប។
-ដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តទូទាំងប្រទេស។
-ដឹកជញ្ជូនអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ គ្រោះមហន្តរាយផ្សេងៗតាមបណ្តាខេត្ត និងតាមបណ្តាបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
-ដឹកសម្ភារៈបរិក្ខាពេទ្យ និងក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមរាជធានី/ខេត្ត។
-ដឹកសពប្រជាពលរដ្ឋ ដែលជួបឧប្បទ្ទវហេតុ បាក់ស្រុតរលំអគារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ និងព្រឹត្តិការណ៍បាក់ស្រុតរលំអគារ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកែប។
-ដឹកជញ្ជូនពលករចំណាកស្រុកពីព្រះរាជាណាចក្រថៃ ទៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែឬ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចដឹកជញ្ជូនលេខ៩៩ ទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុក្ខ ដាក់គិតគូរ ចំពោះបងប្អូនកងទ័ពទាំងការហូបចុកស្នាក់នៅ និងការថែទាំសុខភាពរបស់បងប្អូន។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ក៏បានជូនពរដល់បងប្អូនកងទ័ពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានមកដល់នាពេលខាងមុខនេះ សូមទេវតាឆ្នាំថ្មី ជួយតាមបីបាច់ថែរក្សាដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ជួបសេចក្តីសុខ សេចក្តីចម្រេីន ទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ឹង សំផង នាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សំភារៈ និងថវិកាមួយចំនួនធំ ចែកជូនបងប្អូនកងទ័ពរួមមាន៖
-កងពលតូចដឹកជញ្ជូនលេខ៩៩ ទទួលបាន អង្ករ ៣តោន, មី១០០កេស, ត្រីខ៣កេស, ទឹកក្រូច ១០០កេស, ស្រាបៀរហនុមាន ១០០កេស និងថវិកាចំនួន ១០លានរៀល។
-មន្ទីពេទ្យសាអែម ទទួលបាន អង្ករ៣តោន, មី៣០កេស, ត្រីខ២កេស, ទឹកក្រូច៣០កេស, ស្រាបៀរហនុមាន៣០កេស និងថវិកា ៥លានរៀល។
-មជ្ឈមណ្ឌលគ្រោះមហន្តរាយមិត្តភាពកម្ពុជា-វៀតណាម ទទួលបាន មី២៣កេស និងថវិកា ៥លានរៀល៕