គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទបានឲ្យដឹងថា មនុស្សរាប់ម៉ឺននាក់ទំនងជាត្រូវបានសម្លាប់ននៅក្នុងការវាយលុករបស់រុស្ស៊ី លើទីក្រុង Mariupol ដែលស្ថិតនៅភាគអាគ្នេយ៍ ខណៈអ្នកឃ្លាំមើលសិទ្ធិ របស់ប្រទេសបានចោទប្រកាន់ កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ នៃការធ្វើទារុណកម្ម និងការប្រហារជីវិត ។
ទីភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងទីក្រុង Mariupol ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់ឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ ឬការប៉ាន់ប្រមាណនៃអ្នកដែលត្រូវបានសម្លាប់ នៅក្នុងទីក្រុងយុទ្ធសាស្ត្រ ដែលស្ថិតនៅចន្លោះឧបសម្ព័ន្ធរបស់រុស្ស៊ី នៅគ្រីមៀ និងតំបន់ភាគខាងកើតនៃអ៊ុយក្រែន កាន់កាប់ដោយពួកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី ។
លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់សមាជិកសភាកូរ៉េខាងត្បូងថា “ ក្រុង Mariupol ត្រូវបានបំផ្លាញ មានមនុស្សស្លាប់រាប់ម៉ឺននាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រជាជនរុស្ស៊ីមិនបញ្ឈប់ការវាយលុក របស់ពួកគេដដែល” ។
ប្រសិនបើត្រូវបានបញ្ជាក់ វានឹងក្លាយជាចំនួនអ្នកស្លាប់ច្រើនបំផុតរហូតមកដល់ពេលនេះដែលត្រូវបានរាយការណ៍នៅកន្លែងមួយ ក្នុងប្រទេសអ៊ុយក្រែន ជាកន្លែងដែលទីក្រុង ទីប្រជុំជន និងភូមិនានាស្ថិតនៅក្រោមការទម្លាក់គ្រាប់បែក ឥតឈប់ឈរ ហើយសាកសព រួមទាំងជនស៊ីវិល ត្រូវបានគេឃើញនៅតាមដងផ្លូវ ។
ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលគាំទ្រដោយរុស្ស៊ី លោក Denis Pushilin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី កាលពីថ្ងៃចន្ទថា មនុស្សជាង៥.០០០នាក់ ប្រហែលជាត្រូវបានសម្លាប់ នៅក្នុងទីក្រុង Mariupol ។
លោកបានលើកឡើងថា កងកម្លាំងអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា