ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា មន្ទីរពិសោធន៍ជីវសាស្ត្រ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានចូលរួមនៅក្នុងការអភិវឌ្ឍន៍ សមាសធាតុនៃអាវុធជីវសាស្រ្ត នេះបើយោងតាម អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងកាលពីថ្ងៃអង្គារ។
លោក Medvedev បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា “វាមិនអាចទៅរួចទេដែលមិននិយាយអំពីសកម្មភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅជិតព្រំដែនរុស្ស៊ី” ។
លោកបានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះមិនមានបំណងស្វែងរកមធ្យោបាយការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងជំងឺគ្រោះថ្នាក់ ឬកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិនោះទេ ។
លោក Medvedev បានលើកឡើងថា “ការងារនៅទីនោះត្រូវបានអនុវត្តនៅពីក្រោយទ្វារបិទជិត។ ជាការពិត សមាសធាតុនៃអាវុធជីវសាស្រ្តត្រូវបានបង្កើតឡើង ហើយមីក្រូសរីរាង្គបង្កជំងឺត្រូវបានសិក្សា ដែលបង្កការគំរាមកំហែងដល់មនុស្សជាតិទាំងអស់” ។
លោកបានលើកឡើងថា “ដូច្នេះយើងចាត់ទុកសកម្មភាពបែបនេះទាំងមូលមិនអាចទទួលយកបានទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតដែលនៅជុំវិញយើង។ ដោយបន្ថែមថា សកម្មភាពបែបនេះគួរតែមានតម្លាភាព និងស្ថិតក្រោមការគ្រប់គ្រង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា