ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ និងអនុវត្តនូវវិធានការសុខាឲ្យបានខ្ជាប់ខ្ជួន ក្នុងពិធីបុណ្យចូលឆ្នាំថ្មី នាពេលនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ មេសា សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។
សម្ដេចតេជោ បន្ដថា សូមបងប្អូនរីករាយ ក្នុងឱកាសបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលប្រារព្ធចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ។ សម្ដេច ថា សម្រាប់ឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា អាចសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនដូចកាលពី ២ឆ្នាំមុននោះទេ ដែលយើងប្រឈមខ្លាំង ជាមួយនឹងជំងឺកូវីដ១៩។
សម្ដេចតេជោ បញ្ជាក់ថា “សូមថ្លែងអំណរគុណចំពោះបណ្ដាស្ថាប័ន ខេត្តមួយចំនួនដែលបានរៀបចំសង្រ្កាន្ត តាមខេត្តរបស់ខ្លួន ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ដល់ប្រជាជនកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ។ សូមទទួលបានសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយ ត្រូវប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ជាពិសេស ត្រូវអនុវត្តនូវវិធានការសុខាភិបាល អោយបានខ្ជាប់ខ្ជួន ដើម្បីចៀសឆ្ងាយពីជម្ងឺកូវីដ១៩”
សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច យកចិត្តទុកដាក់ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយបានល្អ នៅតាមទីអារាម កន្លែងប្រារពពិធីកម្សាន្តផ្សេងៗ ក៏ដូចជាតាមរមណីយដ្ឋាននានា។
លេីសពីនេះ សម្ដេចតេជោ ហ៊ុន សែន សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធិពរជ័យ ដល់ប្រជាជនខ្មែរគ្រប់រូប អោយមានមនសិការចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហាដោយសេចក្តីសុខ ក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម តរៀងទៅ៕