ព័ត៌មានអន្តរជាតិ

Update: អាល្លឺម៉ង់់ និយាយថា ជួយដល់អ៊ុយក្រែនគឺ ដើម្បីជួយរារាំង ពិភពលោកចេញពី បញ្ហាវិបត្តិផលិតផលកសិកម្ម

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងថាការផ្គត់ផ្គង់អាវុធ កាន់តែច្រើននិងមានប្រសិទ្ធភាព ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងស្ថានភាពជម្លោះ ជាមួយនឹងរុស្សីនោះនឹងអាចជួយឲ្យ សកលលោកក្នុងការគេចចេញពី គ្រោះអត់ឃ្លានជាមិនខាន។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងស្រុក Westdeutsche Allgemeine Zeitung លោករដ្ឋមន្ត្រី Cem Ozdemir បានបញ្ជាក់បែបនេះថា សង្គ្រាមប្រឆាំងទៅនឹង ប្រទេសអ៊ុយក្រែន ដោយរុស្សីនៅពេលនេះ វាកំពុងប្រែក្លាយទៅជាសង្គ្រាម ដែលវាយប្រហារទៅលើសហគមន៍អន្តរជាតី ទាំងមូលរួចទៅហើយ។

លោកបន្តថា ដូចនេះហើយដែលវាពិតជា មានសារៈសំខាន់ណាស់សម្រាប់ លោកខាងលិចក្នុងការផ្គត់ផ្គង់អាវុធ ទៅឲ្យអ៊ុយក្រែនឲ្យបានកាន់តែច្រើនឡើង និងមានប្រសិទ្ធភាពហើយ ក្នុងនោះអាល្លឺម៉ង់ក៏ ស្ថិតនៅក្នុងចំណោមនោះដែរ។

លោករដ្ឋមន្ត្រី ក៏បានចោទប្រកាន់រុស្សីដែរថា យោធារបស់រុស្សីថែមទាំង មានផែនការវាយប្រហារទៅលើ វិស័យកសិកម្មរបស់អ៊ុយក្រែន ព្រមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងក៏ដូចជាសង្វាក់ផលិតកម្ម របស់អ៊ុយក្រែនដែលប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិនោះផងដែរ។

គួរឲ្យដឹងដែរថាអ៊ុយក្រែន ជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម របស់អន្តរជាតិដូចនេះ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលកសិកម្មក្នុងប្រទេសអ៊ុយក្រែន អឺរ៉ុប និងលោកខាងលិច ពិសេសអាល្លឺម៉ង់ផ្ទាល់ គឺដាច់ខាតគួរតែចូលរួមផ្គត់ផ្គង់អាវុធ ឲ្យអ៊ុយក្រែនដើម្បីការពារខ្លួន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top