ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ មិនទាន់អាចវាយតម្លៃស្ថានភាព ​ឆ្លងជំងឺកូវីដ-១៩​ បានទេ​ ព្រោះ បុណ្យចូលឆ្នាំខ្មែរទេីបបញ្ចប់​

ភ្នំពេញ​ ៖​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា​ ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព​ នៃការឆ្លងជំងឺកូវីដ-១៩​ នៅឡេីយទេ​ ព្រោះទេីបតែបញ្ចប់​ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ត្រូវរង់ចាំ​​ រហូតដល់ដំណាច់ខែមេសា​ ឆ្នាំ២០២២នេះ។

តាមរយៈសារតេឡេក្រាម​ នាថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២២​ លោកស្រី ឱ វណ្ណឌីន ​បានឲ្យដឹងថា​ ការព្រួយបារម្ភ​មានការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ គួរពិនិត្យមេីលតាមស្ថានភាពនៃការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ហេីយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ​ និងក្រុមគ្រួសារដែរ​ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។

លោកស្រី​ បញ្ជាក់​ថា​ “យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ​ ព្រោះទេីបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីង​ ដែល​ត្រូវរងចាំ​ និងបន្តពិនិត្យមេីលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនិមួយៗ​ ហេីយប្រសិនបេីលោកអ្នកមានការសង្ស័យ​ សូមធ្វេីតេស្តរហ័ស​ ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក”​។

លោកស្រី​ បន្ដថា​ បេីលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបេីក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហេីយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ បេីមានរោគសញ្ញាសង្ស័យថា​ វិវត្តន៍ទៅធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ ដែលអាចស្លាប់បាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ​ ដេីម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា។​

លោកស្រី​ រដ្ឋលេខាធិការ​ បានណែនាំដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដេីម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជារោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​៕

To Top