ព័ត៌មានជាតិ

សម្ដេចតេជោបញ្ជាក់ថា មានកត្តា៦ចំណុច ជំរុញឲ្យពលរដ្ឋសប្បាយរីករាយ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយបានបញ្ជាក់ថា មានកត្តាចំនួន៦ចំណុចដែលជំរុញឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។

កត្តាទាំង៦នោះរួមមាន៖
ទី១) កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។

ទី២) ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន ធ្វើឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ។ ដូច្នេះហើយទើប រាជរដ្ឋាភិបាលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវ និងស្ពានទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ នៅថ្ងៃនេះ សម្តេចតេជោ ក៏បានប្រកាសផ្តល់ស្ពានបេតុង ជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយស្ពានបេតុងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ផងដែរ។

ទី៣) កត្តាមធ្យោបាយធ្វើដំណើរ គឺប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ គ្រប់ប្រភេទទាំងរថយន្ត ទាំងម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។

ទី៤) កត្តាប្រាក់ចំណូល របស់ប្រជាពលរដ្ឋ ពីព្រោះបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលនោះទេ គឺពួកគាត់មិនមានលទ្ធភាពក្នុងការចាយវាយ និងចំណាយផ្សេងៗអំឡុងពេលដើរកម្សាន្តនោះទេ។

ទី៥) កត្តានៃការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗ នៅកម្ពុជា ។ បច្ចុប្បន្ននេះ កម្ពុជាមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃជាច្រើន ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។

និងទី៦) កត្តាភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងប្រឆាំងកូវីដ-១៩ដល់ប្រជាពលរដ្ឋ។ សម្តេចតេជោក៏បានបន្ត អំពាវនាវឲ្យប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងទី៣ ឬដូសជំរុញ ជាបន្តទៀត ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំងក្លាទៀត ។

នេះជាការថ្លែងរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២៕

To Top