គៀវ ៖ ថ្លែងទៅកាន់សភាព័រទុយហ្គាល់ តាមរយៈខ្សែវីដេអូ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវ ឱ្យប្រទេសព័រទុយហ្គាល់បញ្ជូន “អាវុធធុនធ្ងន់” និងពង្រឹងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី។
លោកបានលើកឡើងថា “ខ្ញុំដឹងគុណចំពោះឱកាសក្នុងគ្រាដ៏លំបាកនេះ ពីព្រោះអ្នកដឹង ពីអារម្មណ៍របស់យើង តស៊ូដើម្បីឯករាជ្យភាពរបស់យើង ប៉ុន្តែក៏ជាការរស់រានមានជីវិត របស់យើងដែរ” ដោយសំអាងលើអ្វីដែលព័រទុយហ្គាល់ បានជួបប្រទះក្នុងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា លោក Zelensky កាលពីថ្ងៃព្រហស្បតិ៍បានពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez និងនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen ។
សេវាសារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយ នៅក្នុងរដ្ឋធានីគៀវ របស់អ៊ុយក្រែន ភាគីបានពិភាក្សា លើបញ្ហានៃការពង្រឹង សមត្ថភាពការពារជាតិ របស់អ៊ុយក្រែន ការគាំទ្រដល់សមាហរណកម្មអ៊ុយក្រែន ទៅក្នុងសហភាពអឺរ៉ុប និងការស្តារឡើងវិញក្រោយជម្លោះ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Iryna Vereshchuk បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែន និងរុស្ស៊ី បានធ្វើការផ្លាស់ប្តូរ អ្នកទោសលើកទី៦ លើករបស់ពួកគេចាប់តាំង ពីការចាប់ផ្តើមនៃជម្លោះ ។
លោក Vereshchuk បានឲ្យដឹងនៅលើបណ្ដាញ Telegram ថា ទាហានអ៊ុយក្រែន ១០ នាក់ រួមទាំងមន្រ្តីពីរនាក់ និងជនស៊ីវិល ៩នាក់ដែលត្រូវបានចាប់ខ្លួន ដោយយោធារុស្ស៊ីត្រូវបានដោះលែង ជាលទ្ធផលនៃការផ្លាស់ប្តូរ ៕
ប្រែសម្រួល ឈូក បូរ៉ា