ព័ត៌មានជាតិ

កម្ពុជា ស្នើឥណ្ឌាបើកជើងហោះហើរត្រង់ ពីឥណ្ឌាមក ភ្នំពេញ-សៀមរាប

ភ្នំពេញ ៖ សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឥណ្ឌាពិនិត្យលទ្ធភាពឲ្យមានការហោះហើរត្រង់ ពីឥណ្ឌាមក ភ្នំពេញ និងខេត្តសៀមរាប ព្រោះជាគោលដៅទេសចរណ៍សុវត្ថិភាព

ក្នុងជំនួបពិភាក្សាការងារជាមួយលោក OM BIRLA ប្រធានរដ្ឋសភាឥណ្ឌា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្ដេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា បានផ្តល់ជំនួយបច្ចេកទេស និងជំនួយឥតសំណង គាំទ្រដល់វិស័យជាច្រើន ដែលបានរួមចំណែកយ៉ាងខ្លាំងក្លា ធ្វើឲ្យប្រទេសកម្ពុជា បានរំដោះចេញពីភាពក្រីក្រ លើកកម្ពស់ជីវភាពរបស់ប្រជាជន និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។

សម្តេច បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជាបានបើកដំណើរការពេញលេញសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី។ សម្ដេច ថា យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣។

សម្ដេច បានបញ្ជាក់បន្ថែមថា «ស្នើប្រទេសឥណ្ឌា ពិនិត្យលទ្ធភាពឲ្យមានការហោះហើរត្រង់ ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព។ ការហោះហើរត្រង់នឹងជួយជំរុញ ការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងវប្បធម៌ប្រទេសទាំងពីរ»។

នាឱកាសនោះ លោក OM BIRLA ក៏បានបានស្នើឲ្យសភា នៃប្រទេសទាំងពីរ បង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទៅវិញទៅមក ទាំងក្នុងកម្រិតខ្ពស់ និងកម្រិតបច្ចេកទេស ដើម្បីស្វែងយល់បទពិសោធន៍ ការអភិវឌ្ឍឱ្យល្អប្រសើរ រវាងសភានៃប្រទេសទាំងពីរ៕

To Top