ព័ត៌មានជាតិ

រកឃើញ វត្តមានកូនផ្សោតថ្មីមួយក្បាលទៀត នៅអន្លង់សត្វផ្សោតកាំពី

ភ្នំពេញ៖ ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានរកឃើញវត្តមាន របស់កូនផ្សោតថ្មីមួយក្បាលទៀត នៅក្នុងដែនជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។

យោងតាមហ្វេសប៊ុក WWF Cambodia បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអំឡុងពេលចុះអនុវត្តការស្រាវជ្រាវតាមដងទន្លេមេគង្គ ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ WWF បានកត់ត្រាតាមរយៈរូបថតនៅថ្ងៃទី២២ ខែមេសា នូវវត្តមានរបស់កូនផ្សោតថ្មីមួយក្បាល ខណៈពេលវាកំពុងហែល ជាមួយសត្វផ្សោតធំៗចំនួន ៩ក្បាលទៀតនៅក្នុងដែនជម្រកធម្មជាតិ នៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ»។

ក្រុមអ្នកស្រាវជ្រាវ បានប៉ាន់ប្រមាណថា សត្វផ្សោតថ្មីនេះមានអាយុទើបតែប្រាំថ្ងៃប៉ុណ្ណោះ ហើយជាកូនសត្វផ្សោតទី២ សម្រាប់ឆ្នាំ២០២២នេះ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។

លទ្ធផល នៃជំរឿនសត្វផ្សោតទន្លេមេគង្គ ក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ៕

To Top