ព័ត៌មានជាតិ

សមាគមយុវជនយុវជនក្រុម៨ ឧបត្ថម្ភថវិកា ជិត២០០ លានរៀល ដើម្បីចូលរួមសកម្មភាព មនុស្សធម៌ និងសង្គមជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA)

ភ្នំពេញ: លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) បានទទួលជួប លោកបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និង លោកស្រី ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងក្រុមការងារ នៃសមាគមយុវជនក្រុម ៨ ជាច្រើនរូបទៀត ។ ក្នុងពិធីសំណេះសំណាល និងប្រគល់ទទួលថវិកា សប្បុរសធម៌ ចំនួន១៨៨,៨៨០,០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាព មនុស្សធម៌ជាមួយសមាគម TYDA នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោកបណ្ឌិត ម៉ឹង មករា បានមានប្រសាសន៍ លើកឡើងថា សមាគមយុវជនក្រុម ៨ បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងការងារជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍ ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន ។

លោកបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងបានខិតខំយកចិត្តទុកដាក់ ជាអទិភាពបំផុតក្នុងការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យមានភាពសាំសហគមន៍ និងបានធ្វើឱ្យស្ថានភាពល្អ ប្រសើរជាងប្រទេសដទៃ គួរជាទីមោទនៈ។

លោក ប្រធានសមាគមយុវជនក្រុម៨ បានបញ្ជាក់ថា ការចូលរួមជាថវិកា នៅថ្ងៃនេះគឺជាការចូលរួមចំណែក ដោយទឹកចិត្តជាមួយនឹងរាជរដ្ឋាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីបុព្វហេតុការចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ សង្គមជាច្រើនទៀត ។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី សូមថ្លែងអរគុណចំពោះទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងក្រុមការងារក្រុមយុវជនក្រុម៨ ដែលបានផ្ដល់ថវិកា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុប្រជាពលរដ្ឋ និងសង្គម ។

លោកស្រីបណ្ឌិត បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចជោគ(TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការ មនុស្សធម៌ដើម្បីបុព្វហេតុ ជួយដល់ប្រជាពលរដ្ឋ÷

ការផ្ដល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋ តាមរយៈការព្យាបាលឥតគិតថ្លៃ ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។
-ប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈ ចូលរួមធ្វើសកម្មភាព មនុស្សធម៌ដើម្បីបុព្វហេតុសង្គម តាមរយៈការចុះពិនិត្យនិងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស ។
-ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាព ដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍខ្លួន ឱ្យកាន់តែរីកចម្រើន ក្នុងការយកជំនាញបច្ចេកទេសព្យាបាល ជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យ សុខាភិបាលនៅកម្ពុជា។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថា នេះគឺជាពេលវេលាដ៏ល្អ និងរីករាយ ដែលស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពល្អប្រសើរ អាចធ្វើឱ្យយើងមានឱកាសជួបជុំគ្នា និងបានធ្វើការងារ មនុស្សធម៌ ដើម្បីប្រជាពលរដ្ឋ ។ យើងពិតជាមានសំណាង ដែលបានជម្នះរាល់ឧបសគ្គ ហើយទទួលបាន បទពិសោធន៍ និងស្ថានភាពល្អប្រសើរឡើងវិញដូចសព្វថ្ងៃ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយយើងមាន ប្រមុខថ្នាក់ដឹកនាំដ៏ជាញជ័យ គឺសម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង ការបញ្ជាទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ និងការងារជាច្រើនទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគម យុវជនក្រុម៨ បានឧបត្ថម្ភថវិកាសប្បុរសធម៌ ចំនួន១៨៨,៨៨០,០០០រៀលម្ដងរួចមកហើយ ដែលគិត មកដល់ថ្ងៃនេះ គឺមានរយៈពេលមួយឆ្នាំ និង១៨ ថ្ងៃ ដែលសមាគមក្រុម៨ បានចូលរួមសកម្មភាព មនុស្សធម៌ជាមួយសមាគមTYDA ៕

To Top