ព័ត៌មានជាតិ

គណៈកម្មាធិការ​ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានី ថាសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យយល់ច្បាស់ នូវតម្លៃពិតប្រាកដ និងមហិមា នៃសន្តិភាព

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងថា សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន កាន់តែធ្វើឲ្យ សមាជិក សមាជិកា ទទួលស្គាល់នូវតម្លៃពិតប្រាកដ និងមហិមានៃសន្តិភាព ព្រោះក្នុងសង្គ្រាមគេ មិនអាចនិយាយពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍អ្វីឡើយ ។

ការលើកឡើង របស់លោកបណ្ឌិត ឡី សុភាព ខាងលើនេះ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធចាត់តាំងចំណុះ ក្រោមអធិបតីភាព លោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សរាជធានី និងជាប្រធានគណៈចាត់តាំង គណបក្សរាជធានីភ្នំពេញ ដែលមានសមាជិក សមាជិកា ប្រមាណជាង ១ពាន់នាក់ ចូលរួម នៅសាលអាគារ The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។

លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា វត្តមានរបស់ លោកបណ្ឌិត សួន រិនឌី ក្នុងពិធីនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់មនោសញ្ចេតនា របស់ថ្នាក់ដឹកនាំ គណៈបក្សរាជធានី ជាមួយសមាជិក សមាជិកា គណបក្សមូលដ្ឋាន សំដៅរួមគ្នា ពុះពារសម្រេចធ្វើឲ្យបាន នូវការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ របស់គណបក្ស គឺរក្សាព្រាបនឹងបង្កើតប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២២ នាពេលឆាប់ៗខាងមុខនេះ ។

លោកបន្តថា ” វិបត្តិជាសកល នៃជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើជីវភាព សេដ្ឋកិច្ចសង្គម នៅទូទាំងសកលលោក ក្នុងនោះមានកម្ពុជាផងដែរ ។ ទើបតែចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២១មក ដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកដំណើរការ សេដ្ឋកិច្ចសង្គមឡើងវិញ ហើយសភាពការណ៍ ក៏មានការវិលមករក ភាពធូរស្រាលបន្តិចម្តងៗ ។ នោះក៏ដោយសារការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយត្រឹមត្រូវ ក្នុងការស្វែងរកវ៉ាក់សាំង ចាក់ស្រោចវ៉ាក់សាំង តាមយុទ្ធសាស្ត្រផ្ការីក ដែលបង្កើតបានជាភាពសាំ សហគមន៍ទើបធ្វើឲ្យយើង អាចប្រារព្ធពិធី ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបបញ្ចប់កន្លងទៅថ្មីៗនេះ ហើយផ្តល់ឱកាសឲ្យយើង បានជួបជុំគ្នាឡើងវិញ ។

លោកបានបញ្ជាក់ទៀតថា “តាមរយៈបណ្តាញសារព័ត៌មាន យើងឃើញហើយថា សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន កាន់តែធ្វើឲ្យ សមាជិក សមាជិកា យើងទទួលស្គាល់នូវតម្លៃពិតប្រាកដ និងមហិមានៃសន្តិភាព ព្រោះក្នុងសង្គ្រាមគេ មិនអាចនិយាយពី សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍អ្វីឡើយ ។ នៅពេលបានជួបការលំបាក គ្មានគណបក្សណាមកជួយ ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ” ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ឡី សុភាព ក៏បានប្រកាសបន្តគាំទ្រ យ៉ាងពេញទំហឹង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពរដ្ឋមន្ត្រី និងការជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអណាគត ។

ក្នុងនោះដែរ លោកបណ្ឌិត សួន រិនឌី ក៏បានថ្លែងអំរគុណ ទៅដល់គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធី ដ៏អធិអធមនេះឡើង យ៉ាងល្អប្រសើរ ។ និងយល់ឃើញថា សមាជិកដ៏ច្រើន នៃគណបក្សមូលដ្ឋានយុវជន សេដ្ឋកិច្ចរាជធានីភ្នំពេញ នឹងនាំមកនូវសំឡេងគាំទ្រ យ៉ាងច្រើន ដល់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតនាខាងមុខ ។ ព្រមទាំងបានដាសស្មារតីសមាជិក សមាជិកា អំពីភាពជោគជ័យ របស់គណបក្សប្រជាជនកម្ពុជា គ្រប់ពេលកន្លងមកនេះ បានកើតឡើងដោយការខិតខំ ពុះពារជំនះ និងស្មារតីរួបរួមសាគ្គីភាព ជាពិសេសគឺគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ គណបក្សតែម្តង ។

គួរឲ្យដឹងថា គណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានី មានប្រភពដើមជាសាខា គណបក្សយុវជន សេដ្ឋកិច្ចរាជធានី អាស្រ័យដោយមានការវិវឌ្ឍន៍ខ្លួន និងពង្រឹងពង្រីកវិសាលភាព ជាបន្តបន្ទាប់ ទើបគណកម្មាធិការ គណបក្សរាជធានីភ្នំពេញ សម្រេចបង្កើតជាអង្គការចាត់តាំង គណបក្សនេះឡើង ។ បច្ចុប្បន្ននេះ គណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានី មានសាខាចំនួន ៦ អនុសាខាចំនួន ៣០ ក្រុមបក្សចំនួន៥០ និងមានសមាជិកសរុប ២៤៥៣រូប (ស្រី៧៥៩រូប)៕

To Top