ព័ត៌មានជាតិ

ជប៉ុនគ្រោងបង្កើត រោងចក្រគ្រឿងសំអាង នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រគ្រឿងសំអាងនៅខេត្តព្រះសីហនុ។

ការឱ្យដឹង ពីសំណាក់ប្រធានសមាគមជប៉ុន-កម្ពុជា បែបនេះធ្វើឡើងនៅក្នុងឱកាសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា ស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

លោក គួច ចំរើន បានស្វាគមន៍វត្តមានលោក Fumiaki Takahashi និងគណ:ប្រតិភូវិនិយោគជប៉ុន ដែលបានមកធ្វើទស្សនកិច្ច និងឈ្វេងយល់ពីការអភិវឌ្ឍ នៅខេត្តព្រះសីហនុ។
លោកថា កម្ពុជាមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ ជាមួយប្រទេសជប៉ុន លើផ្នែកសេដ្ឋកិច្ច និងនយោបាយ។

ក្នុងឱកាស មកកាន់ខេត្តព្រះសីហនុនាពេលនេះ លោក Fumiaki Takahashi មានការភ្ញាក់ផ្អើល ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលឿន មានហេដ្ឋរចនាសម្ព័ន្ធល្អស្អាត បរិស្ថានល្អសាកសម្យជាតំបន់ទេសចរណ៍ និងវិនិយោគ។

លោក Fumiaki Takahashi បន្តថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូ ក៏បានចូលជួបពិភាក្សាការងារ ជាមួយសម្តេចក្រឡាហោម សេ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីចំនួន៦ក្រសួងផ្សេងទៀត នៅរាជធានីភ្នំពេញ ក្នុងនោះក៏បានធ្វើសិក្ខាសាលា ចាប់ដៃគូរវិនិយោគរវាង ជប៉ុន-កម្ពុជា បានចំនួន៤លើក ១.ក្រុមហ៊ុនដៃគូរ ២.ប្រធានធនាគារអេស៊ីលីដា ៣.សហគ្រិនវ័យក្មេងកម្ពុជា និង៤.ជួបកម្មសិក្សាការីរៀននៅប្រទេសជប៉ុន ជាអ្នកគ្រប់គ្រងវ័យក្មេងកម្ពុជា។

ក្នុងឱកាសនោះគណ:ប្រតិភូជប៉ុន ក៏បានបង្ហាញពីគោលបំណង ក្នុងការបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រគ្រឿងសម្អាង នៅខេត្តព្រះសីហនុ ព្រោះខាងជប៉ុនមានបច្ចេកទេស ចំណែកកម្ពុជាមានវត្ថុធាតុដើម (សូតមាស) យកមកកែច្នៃធ្វើគ្រឿងសំអាងនិងសាប៊ូ ដែលជាផលិតផល ដែលកំពុងពេញនិយម៕

To Top