ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ីតាលី កាត់បន្ថយពន្ធលើ ប្រេងឥន្ធនៈ ដើម្បីជួយដោះស្រាយ ការឡើងថ្លៃ

រ៉ូម៖ រដ្ឋាភិបាលរបស់ ប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទបានអនុម័តក្រឹត្យមួយ ដែលលុបបំបាត់ការយកពន្ធ លើទម្រង់មួយចំនួន នៃឧស្ម័នធម្មជាតិ និងមេតាន ដើម្បីជួយដោះស្រាយ ការឡើងថ្លៃថាមពល ដោយសារជម្លោះ រុស្ស៊ី-អ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យនាយករដ្ឋមន្ត្រី Mario Draghi ពន្ធអាករលើប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នប្រេងរាវ និងឧស្ម័នធម្មជាតិ គ្រប់ប្រភេទនឹងត្រូវបញ្ចុះ ចាប់ពីថ្ងៃអង្គារនេះ រហូតដល់ថ្ងៃទី០៨ ខែកក្កដា។

សម្រាប់ឧស្ម័នធម្មជាតិ ដែលប្រើប្រាស់ សម្រាប់ការដឹកជញ្ជូន ពន្ធលើពន្ធនឹងត្រូវដកចេញ ខណៈដែលពន្ធលើតម្លៃបន្ថែមនឹងមាន ៥ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ពន្ធអាករលើប្រេងសាំង នឹងត្រូវកាត់បន្ថយមកត្រឹម ៤៧៨,៤០ អឺរ៉ូ (៥០២,៥០ដុល្លារអាមេរិក) ក្នុង ១០០០លីត្រ ខណៈដែលពីមុនវាត្រូវបានបង់ពន្ធចំនួន ៥៦៤អឺរ៉ូក្នុង ១០០០លីត្រ។ ទន្ទឹមនឹងនេះ ពន្ធលើឧស្ម័នរាវ (LPG) នឹងត្រូវកាត់បន្ថយពី ២២៧,៧៨ អឺរ៉ូក្នុង ១០០០ គីឡូក្រាមមកត្រឹម ១៨២,៦១អឺរ៉ូក្នុង ១០០០ គីឡូក្រាម។

តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសអ៊ីតាលី បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីចុងខែកុម្ភៈ នៅពេលដែលជម្លោះ រុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្តើម។

នៅពេលនោះ រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដ៏ធំបំផុតតែមួយគត់ របស់ប្រទេសអ៊ីតាលី និងជាអ្នកផ្គត់ផ្គង់ប្រេង ឈានមុខគេដល់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអ៊ីតាលី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្គត់ផ្គង់ ឧស្ម័នថ្មី ជាមួយប្រទេសជាច្រើនផ្សេងទៀត រួមទាំងអាល់ហ្សេរី អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងអង់ហ្គោឡាផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top