ព័ត៌មានជាតិ

ឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ពាក់ព័ន្ធការឆបោកប្រាក់ ២ម៉ឺនដុល្លារ តាមរូបភាពយកលុយ រត់ការចូលក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ឃុំខ្លួនមន្ត្រីនគរបាលម្នាក់ និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងដើម ខែមេសា ឆ្នាំ២០២០។

យោងតាមដីកាបង្គាប់ឃុំខ្លួន របស់តុលាការ បានឱ្យដឹងថា ជនជនជាប់ចោទរូបនេះ ឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ ៤៤ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាមន្ត្រីនគរបាលបម្រើការ នៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ៤៣ ផ្លូវលេខ១៦ កែងផ្លូវលេខ១៣ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ចោទត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ កំណត់ ១ឆ្នាំ និងបង្គាប់អោយសងប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក ព្ព្រមទាំងសងការខូចខាត ពេលវេលាការចំណាយថ្លៃសេវាច្បាប់ និងថ្លៃជំងឺចិត្តចំនួន ១៥ ០០០ដុល្លារអាមេរិកទៀត ទៅដើមបណ្តឹង ។

ជនជាប់ចោទ ឈ្មោះ ពៅ វណ្ណឌី ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ: ឆបោកតាមបញ្ញាតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនតាមដីកាតុលាការ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ៕

ដោយ: លីហ្សា

To Top