បរទេស៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Group Holding Limited បានខាតបង់តម្លៃទីផ្សារ រាប់ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថាបុរសម្នាក់ ដែលមាននាមត្រកូល Ma ត្រូវបានឃុំខ្លួនកាលពីខែមុន។
យោងតាមសារព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថានៅពេលឮអំពីព័ត៌មាននេះ វិនិយោគិនជាច្រើនបានលក់ភាគហ៊ុន Alibaba របស់ពួកគេនៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃអង្គារ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ចិន CCTV News បានចេញផ្សាយរបាយការណ៍ ព័ត៌មានមិនច្បាស់លាស់អំពីការចាប់ខ្លួន បុរសម្នាក់នេះនៅទីក្រុង Hangzhou ខេត្ត Zhejiang ដែលជាកន្លែង Alibaba មានទីតាំងនៅ។
បុរសនេះត្រូវបានគេរាយការណ៍ថា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី 25 ខែមេសា បន្ទាប់ពីត្រូវបានគេសង្ស័យថា “បានឃុបឃិតជាមួយកងកម្លាំង អរិភាពប្រឆាំងចិននៅក្រៅប្រទេស” ដើម្បី “ញុះញង់ឱ្យមានអបគមន៍” និង “ញុះញង់ឱ្យមានវិទ្ធង្សនាអំណាចរដ្ឋ” ៕
ប្រែសម្រួលៈ ណៃ តុលា