ព័ត៌មានអន្តរជាតិ

អ្នកការទូត៖ មិនមានឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការអាវុធរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូនោះទេ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars News បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីរ៉ង់ លោក Levan Dzhagaryan បានឲ្យដឹងថា មិនមានឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការអាវុធរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូនោះទេ។

លោក Dzhagaryan បានលើកឡើងថា បន្ទាប់ពីការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ត្រូវបានដកចេញនៅក្នុងខែតុលាឆ្នាំ២០២០ មិនមានឧបសគ្គចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអាវុធរវាងអ៊ីរ៉ង់ និងរុស្ស៊ីនោះទេ ដោយបន្ថែមថាអ៊ីរ៉ង់ទិញសព្វាវុធពីរុស្ស៊ីសម្រាប់គោលបំណងការពារតែប៉ុណ្ណោះ។

លោកបានកត់សម្គាល់ថា “យើងកំពុងទាក់ទងជាមួយប្រជាជនអ៊ីរ៉ង់ ហើយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ស្របតាមការប្តេជ្ញាចិត្តអន្តរជាតិរបស់យើងចំពោះការគ្រប់គ្រងការមិនរីកសាយភាយ និងការនាំចេញ (អាវុធ)” ។

ក្នុងអំឡុងពេលនៃការចរចារស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ឯកអគ្គរដ្ឋទូតរុស្ស៊ីបាននិយាយថា កិច្ចពិភាក្សាត្រូវបានផ្អាកដោយសារតែប៉ារ៉ាម៉ែត្រនៃកិច្ចព្រមព្រៀងនាពេលអនាគតមិនទាន់ត្រូវបានព្រមព្រៀងគ្នានៅឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top