ព័ត៌មានជាតិ

ក្រូអាស៊ី ប្តេជ្ញាជំរុញវិនិយោគិនខ្លួន មកស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងវិស័យជាច្រើនទៀត នៅកម្ពុជា

ភ្នំពេញ៖ លោក Ivan Velimir Starčević ឯកអគ្គរដ្ឋទូតតែងតាំងថ្មីក្រូអាស៊ីប្រចាំកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិន ក្រូអាស៊ី ឱ្យមកស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្មកែច្នៃ វិស័យយានយន្តអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ព្រមទាំងវិស័យទេសចរណ៍នៅកម្ពុជា ។

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Ivan Velimir Starčević ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី៦ ឧសភា លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអបអរសាទរដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋក្រូអាស៊ី ចំពោះសមិទ្ធិផលក្នុងការទទួលបាន ពានរង្វាន់ជារាជធានីអឺរ៉ុបដំបូង ដែលមានបរិយាប័ន្ននិងភាពចម្រុះ។

លោករដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ជាថ្មីម្តងទៀត លោកបានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងសម្របសម្រួលដល់ពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរទាំងអស់ ដែលមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិន ក្រូអាស៊ី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្មកែឆ្នៃ វិស័យយានយន្តអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ព្រមទាំងវិស័យទេសចរណ៍នៅកម្ពុជា។

ជាមួយគ្នានោះភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការ ប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ក្រូអាស៊ី ដែលបច្ចុប្បន្នហាក់នៅមានកម្រិតតិចតួចនេះឡើយ (ទំហំពាណិជ្ជកម្មទ្វេភាគី ៣លានដុល្លារអាម៉េរិក នៅឆ្នាំ២០២១) ៕

To Top