តាមដំណឹងផ្សាយ របស់ក្រុមហ៊ុនវិទ្យុផ្សាយសម្លេង របស់អាមេរិកបានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា តាមម៉ោងក្នុងតំបន់ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅអាមេរិកបានបង្កើតកំណត់ត្រា សោកនាដកម្មថ្មី ពោលគឺនៅអាមេរិក ករណីស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ បានលើសពី១លាននាក់ ។ ដំណឹងនេះបានផ្សាយឱ្យដឹងថា មនុស្ស១លាននាក់ទាំងនេះ បានស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែ ២៧ខែប៉ុណ្ណោះ ថែមទាំងមនុស្សចំនួនពាក់កណ្តាល បានស្លាប់ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក អាណត្តិថ្មី ឡើងកាន់អំណាច ។
តួលេខនេះគួរឱ្យអ្នកផងភ្ញាក់ផ្អើល វាបង្កប់អត្ថន័យ យ៉ាងម៉េចចំពោះអាមេរិក ? នេះគឺមានន័យថា ក្នុងចំណោមប្រជាពលរដ្ឋអាមេរិក ប្រហែលរាល់៣៣០នាក់ ក៏មានមនុស្សម្នាក់ស្លាប់ ហើយក៏មានន័យថា ស្មើនឹងចំនួនប្រជាជនក្រុងSan Jose ដែលជាទីក្រុងធំទី១០របស់អាមេរិកត្រូវហួតអស់ហើយ ។
ក្នុងនាមជាប្រទេសមហាអំណាច តែមួយគត់ នៅលើពិភពលោក ហេតុអ្វីបានជាអាមេរិកបានក្លាយទៅជា “ប្រទេសទទួលបរាជ័យ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្ងន់ធ្ងរបំផុត នៅលើពិភពលោក ” ? “គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនយកចិត្តទុកដាក់ដល់ អាយុជីវិតរបស់ប្រជាជន” “គិតតែអនុត្តរភាព មិនយកចិត្តទុកដាក់លើសិទ្ធិមនុស្ស” វាប្រហែលជាមូលហេតុ ពីឬគល់ដែល“ ការទប់ទល់នឹងជំងឺកូវីដ១៩បែបអាមេរិក” ជាសទិសន័យ របស់គ្រោះមហន្តរាយសិទ្ធិមនុស្ស ។
ក្នុងដំណាក់កាលដំបូង នៃការរីករាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិក អាណត្តិនោះ ក៏បានប្រែបញ្ហាទប់ទល់នឹង ជំងឺកូវីដ១៩ ដោយវិទ្យាសាស្ត្រ ក្លាយទៅជាបញ្ហានយោបាយ នៅក្នុងស្រុក មិនសូវផ្តោតសំខាន់ ទៅលើផលប៉ះពាល់ ពីជំងឺកូវីដ១៩ នៅឆាកអន្តរជាតិ បានមួលបង្កាច់ប្រទេសផ្សេងទៀត ។ បន្ទាប់ពីរដ្ឋាភិបាលអាណត្តិ បច្ចុប្បន្នឡើងកាន់អំណាច ក៏បានបង្កររឿងហេតុ ដោយបានប្រើប្រាស់ ស្ថាប័នស៊ើបការណ៍ តាមដានរកប្រភពដើម នៃវីរុសកូវីដ១៩ ក្នុងគោលបំណងចង់ទម្លាក់ កំហុសឱ្យប្រទេសផ្សេង ។ ការញុះញង់ខាងនយោបាយ ទាំងនេះ គឺដើម្បីបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនយោបាយអាមេរិក ប៉ុន្តែអ្វីដែលត្រូវគេលះបង់ចោល គឺសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិក ។ ព្រមពេលជាមួយគ្នានេះ ពិតមែនជារដ្ឋាភិបាលអាមេរិកបានអួតអាងថានឹង “ការពារសិទ្ធិមនុស្ស” ប៉ុន្តែបានធ្វើរឿងផ្ដេសផ្ដាស ដែលបានប្រើប្រាស់ថវិការ ជួយសង្គ្រោះអាយុជីវិត របស់ប្រជាពលរដ្ឋ ប្រទេសខ្លួន យកមកផ្តល់ជំនួយដល់អ៊ុយក្រែន ។ ក្នុងក្រសែភ្នែក របស់អ្នកនយោបាយអាមេរិក អាយុជីវិត របស់ប្រជាពលរដ្ឋ ប្រទេសខ្លួន អន់ជាងអនុត្តរភាពខ្លួន នៅឯបរទេសទៅទៀត។
អាយុជីវិត ដែលបានបាត់បង់ ទៅគួរឱ្យអ្នកផងឈឺចាប់ ប៉ុន្តែមនុស្សនៅតែរស់រានមានជីវិតក៏រងការឈឺចាប់ដូចគ្នាដែរ ។ នៅអាមេរិក កុមារចំនួន២សែននាក់ក្លាយទៅជា “កុមារកំព្រាដោយសារជំងឺកូវីដ១៩ ” តម្លៃផ្ទះស្នាក់នៅ ស្បៀងអាហារនិងប្រេងឥន្ធនៈ ឡើងថ្លៃយ៉ាងខ្លាំង ប្រជាពលរដ្ឋអាមេរិក រាប់លាននាក់ មានជីវភាពរស់នៅយ៉ាងលំបាក ។ល។ ការពិតជាក់ស្តែងដ៏ព្រងើយទាំងនេះ បានលាតត្រដាង នូវពុតត្បុត ភាពអាត្មានិយមនិង មិនបំពេញភារកិច្ច របស់អ្នកនយោបាយអាមេរិក ដែលតែងតែនិយាយពី “សិទ្ធិមនុស្ស” តាមតែមាត់ ។
នៅខែកញ្ញា ឆ្នាំ២០២១ នៅទីលានជាតិក្រុងវ៉ាស៊ីនតោន នៃប្រទេសអាមេរិក បានដោតទង់ពណ៌សតូចៗជាច្រើន ទង់នីមួយៗបានតំណាង ឱ្យមនុស្សម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ ។ កម្មវិធីនេះត្រូវគេដាក់ឈ្មោះថា “នៅអាមេរិក គួរតែចងចាំ” ។ ពាក់កណ្តាលឆ្នាំ បានកន្លងផុតទៅហើយ ការពិតជាក់ស្តែងបានបញ្ជាក់ថា អ្នកនយោបាយអាមេរិក មិនបានចងចាំអ្វីទេ ។ ប្រការដែលកាន់តែជូរចត់នោះគឺ គឺសភាពការណ៍ទាំងនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ៕