ព័ត៌មានជាតិ

កម្ពុជា-ហ្សកហ្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិត ឆ្លងដែនការទូត និងផ្លូវការ

ភ្នំពេញ៖ កម្ពុជា និងហ្សកហ្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេសទាំងពីរបន្ថែមទៀត ។

យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក Nikoloz Apkhazava ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋ ហ្សកហ្ស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង ។

ជំនួបនេះធ្វេីឡេីងបន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា «ក្នុងឱកាសនោះផងដែរ ភាគីកម្ពុជា និងហ្សកហ្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃ សាធារណរដ្ឋហ្សកហ្ស៊ី ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងប្រទេសទាំងពីរ បន្ថែមទៀត» ៕

To Top